ក្រសួងការបរទេសកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) និងនាយករដ្ឋមន្ត្រីកាតាលោក សៀក ម៉ូហាម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ែន ប៊ីន ចាសស៊ីម អាល់ថានី ( Sheikh Mohammed bin Abdulrahman bin Jassim Al Thani) បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបន្ថយជម្លោះ នៅក្នុងតំបន់មជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍ បាននិយាយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មន្ត្រីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប «ជាពិសេសកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរួមគ្នា ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងដែនដីនេះ»។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា លោក ហ្គុយតឺរេស បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់ប្រទេសកាតាសំដៅទៅរកដំណោះស្រាយដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងមាននិរន្តរភាពចំពោះបញ្ហាប៉ាឡេស្ទីន»។
ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានសម្រុះសម្រួលបទឈប់បាញ់រយៈពេលមួយសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានបញ្ចប់ នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មិនទទួលបានលទ្ធផលល្អនោះទេ។