ប្រតិភូមូស្លីមរាប់សិបនាក់ និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលខឹងសម្បារនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កំពុងស្វះស្វែងទាមទារការផ្លាស់ប្តូរ ហើយគ្រោងនឹងដាក់សម្ពាធលើអាមេរិក ឱ្យហាមឃាត់ជំនួយអាវុធដល់អ៊ីស្រាអែល នៅក្នុងសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យ ក្នុងទីក្រុងឈីកាហ្គោ (Chicago) នៅថ្ងៃចន្ទ (១៩ សីហា) នេះ។

ដោយហៅខ្លួនឯងថាជា «ប្រតិភូប្រឆាំងនឹងអំពើប្រល័យពូជសាសន៍» ក្រុមគាំទ្រប៉ាឡេស្ទីននិយាយថា ខ្លួននឹងអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗនៅឯសន្និបាតជាតិបក្សប្រជាធិបតេយ្យរយៈពេលបួនថ្ងៃនៅថ្ងៃចន្ទ ដែលធ្វើឡើងដើម្បីតែងតាំងលោកស្រី Kamala Harris ជាបេក្ខភាពប្រធានាធិបតីជាផ្លូវការក្នុងការបោះឆ្នោតប្រឆាំងនឹងលោក Donald Trump មកពីបក្សសាធារណរដ្ឋ។

តំណាងក្រុមបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែបាននិយាយថា ពួកគេកំពុងលើកទឹកចិត្តអ្នកគាំទ្រឱ្យចូលរួមប្រមូលផ្ដុំស្វែងរកការផ្លាស់ប្តូរនៅក្នុងវេទិកាគណបក្ស និងជំរុញឱ្យប្រតិភូលើកឡើងពីបញ្ហាការគាំទ្ររបស់អាមេរិក ដល់អ៊ីស្រាអែល ក្នុងវេទិកាសន្និបាត។

កាលពីយប់ថ្ងៃអាទិត្យ (១៨ សីហា) ហ្វូងបាតុករគាំទ្រប៉ាឡេស្ទីនប្រហែល ១.០០០នាក់បានចេញតវ៉ាឆ្លងកាត់ទីក្រុង Chicago។ ប្រតិភូគាំទ្រប៉ាឡេស្ទីននិយាយថា ពួកគេចង់ឱ្យមានការអនុវត្តច្បាប់គាំទ្របម្រាមផ្តល់ជំនួយផ្នែកយោធាដល់បុគ្គល ឬកងកម្លាំងសន្តិសុខណាដែលប្រព្រឹត្តការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕