រុស្ស៊ី៖ ប្រទេសរុស្ស៊ី និងបេឡារុសបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា រយៈពេលមួយសប្តាហ៍មានឈ្មោះថា Zapad-2021 ឬ West-2021 នៅតំបន់ Pskov ប្រទេសរុស្ស៊ី។ ការធ្វើសមយុទ្ធនេះធ្វើឡើងលើផ្ទៃដីជាង ២.០០០គីឡូម៉ែត្រការ៉េ និងមានការចូលរួមពីកងទ័ពប្រមាណ ២០០.០០០នាក់, នាវាចម្បាំង ១៥គ្រឿង, យន្តហោះជាង ៨០គ្រឿង, រថក្រោះ ២៩០គ្រឿង និងកាំភ្លើងធំ ២៤០គ្រឿង។

ការទម្លាក់ខ្លួនពីលើអាកាសនៅពេលយប់របស់កងទ័ពជាង ៦០០នាក់ និងរថពាសដែក ៣០គ្រឿងត្រូវបានអនុវត្តជាលើកដំបូងនៅក្នុងតំបន់ Pskov ជាមួយនឹងយន្តហោះដឹកទំនិញទម្លាក់សម្ភារៈរបស់ពួកគេទៅទីតាំង ២កន្លែងនៅរយៈកម្ពស់ពី ៦០០ ទៅ ៤០០០គីឡូម៉ែត្រ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទូចកាលពីសប្តាហ៍មុនថា ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសបេឡារុស គ្មានបំណងបង្ហាញប្រទេសណាមួយថាជាការគំរាមកំហែងឡើយ។

លោកបាននិយាយជាមួយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នៅទីក្រុងមូស្គូ ខណៈសមយុទ្ធចាប់ផ្ដើម។ លោក Putin និយាយថា សមយុទ្ធទាំងនេះមិនសំដៅប្រឆាំងនរណាម្នាក់ឡើយ។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Nikolay Pankov បានចាត់ទុកសមយុទ្ធនេះថាជាសមយុទ្ធការពារសុទ្ធសាធ។
អត្ថបទ៖ ប៊ុន ថន