ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលថ្មី ក្នុងរយៈពេលត្រឹម១ឆ្នាំនេះ សម្រេចបានសមិទ្ធផលជាច្រើន ជាពិសេស ការរក្សាបានទាំងស្រុងនូវសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍លើកឡើងថា ប្រវត្តិរបស់កម្ពុជា នៅពេលមានការផ្លាស់ប្តូរមេដឹកនាំម្តងៗ គឺតែងតែមានសង្គ្រាមកើតឡើង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានយុទ្ធសាស្ត្ររឹងមាំណាស់ ទាំងនៅលើការ អភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម និងការការពារអធិបតេយ្យភាព បូរណភាពដឹកដី មិនឱ្យមានការបាត់បង់ ។
ឯកឧត្តម ប៉ែន បូណា បានបន្តថា យុទ្ធសាស្ត្រការពារទឹកដី ទី១ គឺចាប់ផ្តើមពីជំហរម៉ឺងម៉ាត់ ច្បាស់លាស់ដាច់ខាតរបស់ថ្នាក់ដឹកនាំសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ដែលឥឡូវនេះ សម្តេចធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រីដែលប្រជាពលរដ្ឋទាំងអស់គ្នាបានដឹងឮច្បាស់ពីជំហរម៉ឺងម៉ាត់ណាស់ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ៕ អត្ថបទ៖ មុត សុទ្ធ
