មេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានសាទរចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរបស់ពួកគេ ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅរមនីយដ្ឋានលំហែកម្សាន្ត Camp David របស់ពួកគេកាលពីមួយឆ្នាំមុន ហើយបានប្តេជ្ញាពង្រឹងទំនាក់ទំនងរបស់ពួកគេ នៅទូទាំងតំបន់ដ៏ធំទូលាយ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន សុក យ៉ូល ( Yoon Suk Yeol) ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ( Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា ( Fumio Kishida) បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអបអរសាទរការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ចាប់តាំងពីកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានជាលើកដំបូងរបស់ពួកគេ នៅឯរមនីយដ្ឋានកម្សាន្ត Camp David របស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីមួយឆ្នាំកន្លងទៅនេះ។

សេចក្តីថ្លែងការណ៍ បាននិយាយថា៖«យើងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើងក្នុងការជំរុញសន្តិសុខ និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក»។ «យើងប្តេជ្ញាចិត្តក្នុងការពិគ្រោះយោបល់លើបញ្ហាប្រឈមក្នុងតំបន់ ការបង្កហេតុ និងការគំរាមកំហែងដែលប៉ះពាល់ដល់ផលប្រយោជន៍និងសន្តិសុខរួមរបស់យើង»។