អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ ទី១៩ សីហា នេះ បានថ្កោលទោសកម្រិត «មិនអាចទទួលយកបាន» ជុំវិញអំពើហិង្សា ដែលកំពុងក្លាយទៅជារឿងធម្មតាលើបុគ្គលិកជំនួយមនុស្សធម៌ ដែលមានកំណត់ត្រារហូតដល់២៨០នាក់ ជាអ្នកដែលត្រូវបានសម្លាប់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣។ ស្ថាប័ននេះ បានព្រមានថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា កំពុងមានសន្ទុះកាន់តែខ្លាំងឡើងចំពោះចំនួនអ្នកស្លាប់ នៅឆ្នាំនេះ។
លោកស្រី Joyce Msuya នាយកស្តីទីនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការធ្វើឱ្យមានលក្ខណៈធម្មតានៃអំពើហិង្សាលើបុគ្គលិកផ្តល់ជំនួយ និងកង្វះការទទួលខុសត្រូវ គឺពុំអាចទទួលយកបានឡើយ មិនសមហេតុផល និងមានគ្រោះថ្នាក់យ៉ាងធំធេងសម្រាប់ប្រតិបត្តិការផ្តល់ជំនួយនៅគ្រប់ទីកន្លែង»។
អង្គការ OCHA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ដោយបុគ្គលិកជំនួយចំនួន ២៨០នាក់ ត្រូវបានសម្លាប់នៅក្នុង៣៣ប្រទេស កាលពីឆ្នាំមុន ឆ្នាំ២០២៣គឺជាឆ្នាំដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងកំណត់ត្រា សម្រាប់សហគមន៍មនុស្សធម៌ពិភពលោក» ជាការកើនឡើង១៣៧% បើប្រៀធៀបទៅនឹងឆ្នាំ២០២២ ដែលនៅពេលនោះបុគ្គលិកជំនួយចំនួន១១៨នាក់ បានស្លាប់។
អង្គការសហប្រជាជាតិ បាននិយាយថាជាងពាក់កណ្តាលនៃអ្នកស្លាប់នៅឆ្នាំ២០២៣ ឬចំនួនបុគ្គលិក១៦៣ នាក់ គឺជាបុគ្គលិកជំនួយ ដែលត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា អំឡុងពេលបីខែដំបូងនៃសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលភាគច្រើនក្នុងការវាយប្រហារតាមអាកាស។
ប្រទេសស៊ូដង់ខាងត្បូង ដែលបែកបាក់ដោយជម្លោះស៊ីវិល និងប្រទេសស៊ូដង់ ជាកន្លែងដែលមានសង្រ្គាមរវាងឧត្តមសេនីយ៍មេទ័ពជាគូប្រជែងពីររូប បានផ្ទុះរាលដាលចាប់តាំងពី ខែមេសា ឆ្នាំ២០២៣ គឺជាជម្លោះដ៏បង្ហូរឈាមបំផុតបន្ទាប់ សម្រាប់អង្គការមនុស្សធម៌ដោយមានអ្នកស្លាប់៣៤នាក់ និង២៥នាក់ នីមួយៗ។
នៅក្នុងលំដាប់កំពូលទាំង១០ គឺ នៅអ៊ីស្រាអែល និងស៊ីរី ហើយក៏មានអ្នកស្លាប់នៅប្រទេសអេត្យូពី អ៊ុយក្រែន សូម៉ាលី មីយ៉ាន់ម៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នៅក្នុងជម្លោះទាំងអស់ អ្នកស្លាប់ភាគច្រើន ស្ថិតក្នុងចំណោមបុគ្គលិកក្នុងតំបន់។