លោក Oleg Ignasyuk អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំង នៅក្នុងប្រទេសស៊ីរី (ផ្នែកនៃក្រសួងការពារជាតិរុស្ស៊ី) បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក F/A-18 របស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានចូលទៅកៀកនឹងយន្តហោះរុស្ស៊ីនៅក្នុងប្រទេសស៊ីរី ស្ទើរតែបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។
លោក បាននិយាយថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា យន្តហោះទម្លាក់គ្រាប់បែក F/A-18 របស់សម្ព័ន្ធភាព បានចូលទៅជិតយន្តហោះ An-30 នៃកងកម្លាំងអាកាសរុស្ស៊ីដែលកំពុងហោះហើរតាមផែនការលើប្រទេសស៊ីរី។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅរយៈកម្ពស់ប្រហែល ៦.៧០០ ម៉ែត្រពីលើតំបន់ al-Tanf ក្នុងតំបន់រដ្ឋបាលរបស់ខេត្ត Homs ដោយបានបន្ថែមថា អ្នកបើកយន្តហោះរុស្ស៊ី បានបង្ហាញពីវិជ្ជាជីវៈកម្រិតខ្ពស់ និងចាត់វិធានការទាន់ពេលវេលា ដើម្បីទប់ស្កាត់ការប៉ះទង្គិចមិនឲ្យកើតឡើង។
លោកក៏បាននិយាយផងដែរថា យន្តហោះចម្បាំង F-15 របស់ក្រុមចម្រុះ ចំនួន ៦គ្រឿង និងយន្តហោះចម្បាំង Typhoon ចំនួនពីរគ្រឿង យន្តហោះទម្លាក់គ្រាប់បែក F/A-18 ចនួន ៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក A-10 Thunderbolt ចំនួន ៦គ្រឿង បានរំលោភលើដែនអាកាសរបស់ប្រទេសស៊ីរី នៅក្នុងតំបន់ al-Tanf ដែលឆ្លងកាត់ផ្លូវអាកាសអន្តរជាតិ ចំនួន១៨ដង កាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហា។