វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ Emma Raducanu បានបញ្ចប់ការរង់ចាំរបស់អង់គ្លេសរយៈពេល ៤៤ឆ្នាំសំរាប់ជើងឯក Grand Slam ផ្នែកនារីក្រោយយកឈ្នះជើងឯក US Open ចុងសប្តាហ៍កន្លងទៅលើកីឡាការិនីកាណាដា Leylah Fernandez នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាការិនីវ័យ ១៨ឆ្នាំអង់គ្លេសរូបនេះបានបង្អាក់ភាពភ័យខ្លាចរបស់ខ្លួន និងបង្កើតឱ្យមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់នាង នៅទីក្រុងញូយ៉កសហរដ្ឋអាមេរិកតាមរយៈជ័យជំនះ ២សិតផ្ទួនៗ ៦-៤ និង ៦-៣ កីឡាការិនីវ័យ ១៩ឆ្នាំកាណាដា Leylah Fernandez។ Emma Raducanu បានទទួលការអបអរសាទរ និងស្រក់ទឹកភ្នែកខ្លួនឯង ដោយក្លាយខ្លួនជាកីឡាការិនីអង់គ្លេសទី១ ក្នុងរយៈពេល ៤៤ឆ្នាំដែលឈ្នះជើងឯក Grand Slam បន្ទាប់ពីអ្នកឈ្នះចុងក្រោយបំផុតផ្នែកនារីគឺតាំងពីឆ្នាំ១៩៧៧ នៅពានរង្វាន់ Grand Slam, Wimbledon ដែលឈ្នះដោយកីឡាការិនី Virginia Wade។ មិនត្រឹមតែកំណត់ត្រានេះទេ Raducanu ក៏ជាកីឡាការិនីអង់គ្លេសដំបូងរាប់ពីឆ្នាំ១៩៦៨ ដែលឈ្នះជើងឯក US Open នេះ។
Raducanu ក៏ជាកីឡាការិនីដែលមកពីវគ្គជំរុះដំបូង ឡើងដល់វគ្គផ្តាច់ព្រ័ត្រនឹងឈ្នះជើងឯក។ នាងក៏បានក្លាយជាកីឡាការិនីវ័យក្មេងបំផុតដែលឈ្នះជើងឯក Grand Slam តាំងពី Maria Sharapova ដែលធ្វើបាននៅឆ្នាំ២០០៤ ពានរង្វាន់ Wimbledon។ នៅមានកំណត់ត្រាពីរទៀតគឺ Raducanu គឺជាកីឡាការិនីក្មេងបំផុតរបស់អង់គ្លេសដែលឈ្នះជើងឯក Grand Slam និងជាកីឡាការិនីទី១ ដែលឈ្នះជើងឯក US Open ដោយមិនចាញ់ ១សិតសោះរាប់ពីឆ្នាំ២០១៤ ដែលធ្វើបានដោយ Serena Williams។ ជ័យជំនះនេះ Emma Raducanu ទទួលបានប្រាក់រង្វាន់ ១.៨លានផោនក្នុងនាមជាជើងឯក និងរំកិលមកឈរចំណាត់ថ្នាក់លេខ ២៣ ពិភពលោក និងលេខ១ របស់ចក្រភពអង់គ្លេស៕
អត្ថបទ៖នាង សុភាវុធ