នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានចាត់ទុកការជំរុញ ផ្នែកការទូតចុងក្រោយគេបង្អស់របស់ទីក្រុងវ៉ាស៊ីងតោន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាថាជារឿងល្អបំផុត ប្រហែលជាឱកាសចុងក្រោយគេបង្អស់ និងបានជំរុញឲ្យភាគីទាំងអស់សម្រេចកិច្ចព្រមព្រៀងឲ្យខាងតែបាន ។
លោក Blinkenថ្លែងបែបនេះ ពេលលោកជួបជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog នៅទីក្រុងតែល អាវីវ ។
គួរឲ្យដឹងថា លោក Blinken បានធ្វើដំណើរទៅដល់ទីក្រុងតែល អាវីវ កាលពីថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ចមជ្ឈិមបូព៌ាមួយផ្សេងទៀត ដើម្បីជំរុញឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈក្រុមហាម៉ាស់ និងអ៊ីស្រាអែល បន្តចោទដាក់គ្នាថាបានធ្វើឲ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ។
ក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានបន្ទោសគ្នាទៅវិញទៅមកចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្រុះសម្រួលកាតា អាមេរិក និងអេហ្ស៊ីប ដែលរហូតមកដល់ពេលនេះបានបរាជ័យក្នុងការបិទគម្លាតនៃភាពខ្វែងគំនិតគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងរយៈពេលជាច្រើនខែនៃការចរចា ខណៈអំពើហិង្សា និងការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងតំបន់ហ្កាហ្សា ៕