អតីតប្រធានប្រឆាំងភេរវកម្មរបស់អង់គ្លេស គឺលោកវរសេនីយ៍ឯក Richard Kemp បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ជម្លោះពាក់ព័ន្ធនឹងអ៊ីស្រាអែល អ៊ុយក្រែន និងរុស្ស៊ី អាចប្រែក្លាយទៅជា «សង្គ្រាមលោកលើកទី៣ សម័យទំនើប»។
ដោយគិតដល់ស្ថានភាព នាពេលនេះ ពោលគឺនៅឯទីក្រុង Tel Aviv អ៊ីស្រាអែលកំពុងរៀបចំត្រៀមខ្លួន សម្រាប់ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ នាពេលខាងមុខ ទើបលោក Kemp ជឿជាក់ថា ការវាយប្រហារសងសឹកយ៉ាងធំពីអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តខ្លួន គឺក្រុមហេសបូឡា និងហ៊ួទី ទំនង «ចៀសសមិនរួច» នោះឡើយ ហើយការឆ្លើយតបពីអ៊ីស្រាអែល អាចជាមហន្តរាយដ៏ធំធេង។
សារព័ត៌មាន Daily Mirror បានសម្ភាសលោកវរសេនីយ៍ Kemp ក្នុងទីក្រុង Tel Aviv ជាកន្លែងដែលលោកបានតាមដានជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស និងក្រុមហេសបូឡា ចាប់តាំងពីសង្រ្គាម នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា។ លោកបានប្រាប់ថា ដូចដែលបានលើកឡើងហើយ អ៊ីស្រាអែលមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមសម្រាប់ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីមានការសង្ស័យថា ទីភ្នាក់ងារ Mossad (ទីភ្នាក់ងារស៊ើបការសម្ងាត់របស់អ៊ីស្រាអែល) ធ្វើឃាតមេដឹកនាំរបស់ក្រុមហាម៉ាស គឺលោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ កាលពីខែមុន។
ហេតុការណ៍ននេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែល បានសម្លាប់ឥស្សរជនជាន់ខ្ពស់របស់ក្រុមហេសបូឡា គឺលោក Fuad Shukr នៅទីក្រុងបេរូត ប្រទេសលីបង់។ ហើយលោក Kemp បានប្រាប់សារព័ត៌មាន Daily Mirror ថា៖ «ទីក្រុង Tel Aviv ជាកន្លែងដែលយើងកំពុងស្ថិតនៅ ឥឡូវនេះ កំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការ ខណៈដែលអ៊ីស្រាអែលភាគច្រើន ត្រូវត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារដោយអ៊ីរ៉ង់ ក្រុមហេសបូឡា ហើយក៏ទំនងជា ពីក្រុមផ្សេងទៀតផងដែរ»។
នៅពេលត្រូវបានចោទសួរអំពីលទ្ធភាពនៃសង្រ្គាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលប្រែក្លាយទៅជាជម្លោះក្នុងតំបន់កាន់តែធំឡើងៗ ឬសូម្បីតែអាចជាសង្រ្គាមលោកនោះ លោក Kemp បានឆ្លើយតបថា៖ «ខ្ញុំគិតថា យើងកំពុងឃើញជម្លោះ ក្នុងតំបន់រាលដាលកាន់តែធំឡើងៗរួចហើយ ហើយអ៊ីស្រាអែលកំពុងស្ថិតក្នុងសង្រ្គាម ៧សមរភូមិ»៕