បណ្ដាមេដឹកនាំនៃគណបក្សឆ្វេងនិយមបារាំង (LFI) ចាប់ផ្ដើមដាក់សម្ពាធលើប្រធានាធិបតី លោក Emmanuel Macron ដោយគំរាមដំណើរការផ្លូវច្បាប់ សម្រាប់អ្វីដែលពួកគេពិពណ៌នាថា ជា «រដ្ឋប្រហារស្ថាប័ន ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ» ក្នុងការតែងតាំងនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស។
ក្នុងខណៈពេលដែល «ភាពស្ងប់ស្ងាត់ អំឡុងព្រឹត្តិការណ៍អូឡាំពិក» ត្រូវបានបញ្ចប់នៅក្នុងប្រទេសបារាំង ការពិភាក្សាអំពីអ្នកដែលនឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ បានឡើងកម្ដៅជាថ្មីម្ដងទៀត។
អត្ថបទដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែសីហា) នៅលើទំព័រសារព័តមាន La Tribune Du Dimanche (ឡា ទ្រីប៊ីន ឌុយ ឌីម៉ង់ស៍) បានឲ្យដឹងថា «លោក Emmanuel Macron ត្រូវបានគេរាយការណ៍ថា នឹងតែងតាំងប្រមុខរដ្ឋាភិបាល ដោយមិនគិតពីលទ្ធផលនៃសភាចុងក្រោយនេះ» ដោយបរិហារថា ជា «រដ្ឋប្រហារស្ថាប័ន ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ»។
នៅចំពោះមុខ «ការរំលោភអំណាច» នេះ បណ្ដាមេដឹកនាំគណបក្សឆ្វេងនិយមជ្រុល កំពុងអំពាវនាវឲ្យចាប់ផ្ដើមប្រើប្រាស់មាត្រា៦៨ នៃរដ្ឋធម្មនុញ្ញដែលចែង ដើម្បីចោទប្រកាន់ប្រមុខរដ្ឋ ក្នុងករណី «ការរំលោភកាតព្វកិច្ចជាក់ស្តែង មិនស្របទៅនឹងការអនុវត្តអាណត្តិរបស់មេដឹកនាំរូបនោះ»។
គួរបញ្ជាក់ថា បន្ទាប់ពីការចរចាយ៉ាងយូ តំណាងនៃក្រុមឆ្វេងនិយម គឺគណបក្ស New Popular Front (NFP) ដែលឈរនៅលំដាប់ទី១ ក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី៧ ខែកក្កដា ដោយមានសមាជិកសភាចំនួន ១៩៣រូប ប៉ុន្តែចំនួនកៅអីនេះនៅឆ្ងាយខ្លាំងណាស់ពីសំឡេងភាគច្រើនដាច់ខាតនៃសមាជិកសភាចំនួន ២៨៩រូប បានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៣ ខែកក្កដា ដើម្បីស្នើឈ្មោះលោកស្រី Lucie Castets មន្ត្រីរាជការជាន់ខ្ពស់វ័យ ៣៧ឆ្នាំ ជានាយករដ្ឋមន្ត្រី។
លោក Macron បានច្រានចោលសំណើនេះ នៅប៉ុន្មានម៉ោងមុនពិធីបើកការប្រកួតកីឡាអូឡាំពិក៕