ទីភ្នាក់ងារសារព័ត៌មាន RIA នៅថ្ងៃចន្ទ (ទី១៩ ខែសីហា) នេះ បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានដាក់ពាក្យបណ្ដឹងទៅកាន់ប្រទេសអាល្លឺម៉ង់ ជុំវិញការស៊ើបអង្កេតរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ក្នុងឆ្នាំ២០២២ បន្ទាប់ពីជនសង្ស័យដ៏សំខាន់ម្នាក់ បានរត់គេចពីការចាប់ខ្លួន នៅក្នុងប្រទេសប៉ូឡូញ។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋអាជ្ញាអាល្លឺម៉ង់ បានកំណត់អត្តសញ្ញាណគ្រូមុជទឹកជនជាតិអ៊ុយក្រែនម្នាក់ថា ជាជនសង្ស័យដ៏សំខាន់ ក្នុងការវាយប្រហារបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream ហើយបានចេញដីកាចាប់ខ្លួនជននោះ នៅក្នុងប្រទេសប៉ូឡូញ។
រដ្ឋអាជ្ញាប៉ូឡូញបានប្រាប់សារព័ត៌មាន Reuters ថា ប៉ូឡូញបានទទួលដីការបស់អាល្លឺម៉ង់ ប៉ុន្តែជនសង្ស័យបានចាកចេញពីប្រទេសនេះហើយ ខណៈដែលប្រទេសអាល្លឺម៉ង់ បានខកខានក្នុងការបញ្ចូលឈ្មោះរបស់ជននោះ នៅក្នុងមូលដ្ឋានទិន្នន័យនៃមនុស្សដែលត្រូវចាប់ខ្លួន។
ដោយដកស្រង់សម្តីរបស់លោក Oleg Tyapkin ដែលជាប្រធាននាយកដ្ឋានអឺរ៉ុប នៅក្រសួងការបរទេសរុស្ស៊ី សារព័ត៌មាន RIA បានរាយការណ៍ថា ទីក្រុងមូស្គូជឿថា ការស៊ើបអង្កេតរបស់អាល្លឺម៉ង់ នឹងត្រូវបិទបបញ្ចប់ដោយមិនបានកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវនោះឡើយ។
សូមរំលឹកថា បំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ដែលមានតម្លៃរាប់ពាន់លានដុល្លារ ត្រូវបានបំផ្លាញដោយការបំផ្ទុះជាបន្តបន្ទាប់ នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយហេតុការណ៍នោះ កើតមានឡើងក្នុងរយៈពេល ៧ខែបន្ទាប់ពីរុស្ស៊ី បានបើកការលុកលុយពេញលេញលើអ៊ុយក្រែន៕