នៅថ្ងៃចន្ទនេះ ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញជនស៊ីវិលដែលត្រូវបានជម្លៀសចេញពីតំបន់ Kursk ធ្វើដំណើរទៅដល់ទីក្រុងជាច្រើននៅទូទាំងប្រទេស ។
យោងតាមការអះអាងរបស់ក្រសួង បានឲ្យដឹងថា ក្រុមចុងក្រោយនៃអ្នកជម្លៀសខ្លួន បាននាំទៅកាន់តំបន់ Saratov, Samara និងតំបន់ Tambov ដោយភាគច្រើននៃពួកគេគឺជាមនុស្សចាស់ និងអ្នកអសមត្ថភាពធ្វើដំណើរ ។
ក្រសួងបានរាយការណ៍ផងដែរ មណ្ឌលស្នាក់នៅបណ្តោះអាសន្ន ១៧៤កន្លែង ត្រូវបានរៀបចំឡើងនៅតាមតំបន់ចំនួន ២៤របស់រុស្ស៊ី ជាទីដែលអ្នកជម្លៀសខ្លួនជាង ១ម៉ឺននាក់ បានស្នាក់អាស្រ័យ រួមទាំងកុមារ ៣ពាន់នាក់ផងដែរ ។
ក្រុមអាជ្ញាធរនៅតំបន់ Kursk បានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីតំបន់ព្រំដែនជាមួយអ៊ុយក្រែន ក្រោយកងកម្លាំងទីក្រុងគីវ បើកការវាយប្រហារកាលពីរយៈពេល ២សប្តាហ៍មុន ។
ក្រុមមន្រ្តីរុស្ស៊ី និយាយថា មនុស្សជិត ២០ម៉ឺននាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីការវាយប្រហារនេះ ។
អ៊ុយក្រែន និយាយថា ពួកគេរឹបអូសបានទីតាំងឈរជើងជាង ៨០កន្លែង លើផ្ទៃដី ១.១៥០គ.មក្រឡា នៅតំបន់ Kursk ចាប់តាំងពីថ្ងៃទី ៦ ខែសីហារហូតមក នៅក្នុងការវាយប្រហារធំបំផុតរបស់ពួកគេលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ៕