រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) បាននិយាយថា កិច្ចចរចាបច្ចុប្បន្នស្តីពីតំបន់ហ្កាហ្សាស្ទ្រីប គឺជា «ឱកាសចុងក្រោយ» ក្នុងការបញ្ជូនចំណាប់ថ្នូរត្រឡប់មកវិញ និងឈានដល់បទឈប់បាញ់នៅក្នុងដែនដីដែលមានការប្រយុទ្ធគ្នានេះ។
គេហទំព័រ Ynet បានដកស្រង់សម្តីលោកដែលបាននិយាយក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីអ៊ីស្រា អែល លោក Isaac Herzog នៅទីក្រុងហ្ស៊េរុយសាឡឹមថា៖«នេះគឺជាពេលវេលាជាក់លាក់មួយ - ប្រហែលជាល្អបំផុត ហើយក៏ប្រហែលជាឱកាសចុងក្រោយ ក្នុងការទទួលបានចំណាប់ថ្នូរមកផ្ទះវិញ ដើម្បីទទួលបានបទឈប់បាញ់ និងដាក់មនុស្សគ្រប់គ្នាឲ្យដើរលើផ្លូវល្អប្រសើរជាងមុន ដើម្បីឈានដល់សន្តិភាព និងសន្តិសុខយូរអង្វែង»។
លោក ប្ល៊ីនខិន បានមកដល់អ៊ីស្រាអែល នៅយប់ថ្ងៃទី១៨ ហើយនៅថ្ងៃទី ១៩ ខែសីហានេះ លោកក៏មានកិច្ចប្រជុំដែលបានគ្រោងទុកជាមួយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិលោក លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant)។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកប្រធានាធិបតីអ៊ីស្រាអែល បានស្តីបន្ទោសចំពោះអវត្តមាននៃកិច្ចព្រមព្រៀងស្តីពី «ការបដិសេធរបស់ក្រុមហាម៉ាស ដើម្បីឆ្ពោះទៅមុខ»។
លោកបានបន្ថែមថា៖«មិនមានគោលបំណងមនុស្សធម៌ធំជាងនេះទេ ហើយមិនមានបុព្វហេតុមនុស្សធម៌ណាធំជាងការនាំយកចំណាប់ថ្នូររបស់យើងត្រឡប់ទៅផ្ទះវិញ ពីព្រោះពួកគេ គួរតែបានត្រឡប់មកវិញជាយូរណាស់ហើយ»។