ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា កងកម្លាំងអាមេរិក បានកម្ទេចយានដ្រូនមួយគ្រឿងរបស់ក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។
ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖«ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងកម្លាំងទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបំផ្លាញដោយជោគជ័យនូវយានដ្រូនមួយគ្រឿងរបស់ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៃប្រទេសយេម៉ែន»។
បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមហ៊ួទី បានព្រមានថាពួកគេ នឹងបើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល ខណៈពេលដែលរារាំងនាវាដែលពាក់ព័ន្ធជាមួយរដ្ឋជ្វីហ្វ មិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ ទីក្រុងតែលអាវីវ ( Tel Aviv) បានបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នានេះ។ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នាវាស៊ីវិលរាប់សិបគ្រឿង ត្រូវបានវាយប្រហារដោយក្រុមហ៊ួទី នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ។
ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់ចលនា Ansar Allah អាជ្ញាធរអាមេរិក បានប្រកាសពីការបង្កើតសម្ព័ន្ធអន្តរជាតិ និងការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការមួយដែលមានឈ្មោះកូដថា Prosperity Guardian ដែលរំពឹងថា នឹងធានាបាននូវសេរីភាពនៃការធ្វើនាវាចរណ៍ និងការការពារនាវា នៅក្នុងសមុទ្រក្រហម។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារជាប្រចាំលើគោលដៅរបស់ក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។