ចក្រភពអង់គ្លេសនឹងប្រើប្រាស់វិធានការបន្ទាន់មួយ ដើម្បីឃុំខ្លួនឧក្រិដ្ឋជនដែលជាប់សង្ស័យ នៅក្នុងបន្ទប់របស់ប៉ុស្តិ៍នគរបាល រហូតដល់ខ្លួនអាចរកកន្លែង សម្រាប់ពួកគេ នៅក្នុងពន្ធនាគារ ដែលមានមនុស្សពេញណែន បន្ទាប់ពីនគរបាលបានចាប់ខ្លួនមនុស្សរាប់រយនាក់ ជុំវិញកុបកម្មដែលរីករាលដាលក្នុងខែនេះ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Keir Starmer កាលពីថ្ងៃចន្ទ (ទី១៩ ខែសីហា) នេះ បាននិយាយថា ការចាប់ខ្លួនជនសង្ស័យជាង ១.១០០នាក់ ជុំវិញអំពើហិង្សាប្រកាន់ពូជសាសន៍ ដែលសំដៅលើជនអន្តោប្រវែសន៍ និងជនមូស្លីម បានធ្វើឲ្យសមត្ថភាពផ្ទុករបស់ពន្ធនាគារកាន់តែអាក្រក់ទៅៗ ដែលបានបង្ខំរួចហើយឲ្យរដ្ឋមន្ត្រីនិយាយថា ពួកគេនឹងអនុញ្ញាតឲ្យពន្ធនាគារដោះលែងអ្នកទោសបន្ថែមទៀតឲ្យបានឆាប់។
វិធានការបណ្ដោះអាសន្នថ្មីនេះ នឹងមានន័យថា ជនសង្ស័យនឹងត្រូវបានកោះហៅទៅកាន់តុលាការ លុះត្រាតែមានការបញ្ជាក់ថា បន្ទប់មាននៅក្នុងពន្ធនាគារមួយ ក្នុងចំណោមពន្ធនាគារជាង ១០០កន្លែង នៅទូទាំងប្រទេស។ រហូតដល់ពេលនោះ ពួកគេនឹងត្រូវឃុំខ្លួន នៅប៉ុស្តិ៍នគរបាល។
រដ្ឋមន្ត្រីពន្ធនាគារ លោក James Timpson បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានទទួលមរតកប្រព័ន្ធយុត្តិធម៌ដែលមានវិបត្តិ និងប្រឈមនឹងហានិភ័យ»។ ជាលទ្ធផល យើងត្រូវបង្ខំធ្វើការសម្រេចចិត្តដ៏លំបាក ប៉ុន្តែចាំបាច់ ដើម្បីបន្តរក្សាឲ្យប្រព័ន្ធដំណើរការ»។
ពន្ធនាគារដ៏ណែនចង្អៀត បាននាំឲ្យលោក Starmer ដែលបានចូលកាន់តំណែងកាលពីខែមុន ជួយនូវវិបត្តិយ៉ាងលឿន ដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោកប្រឈមជាមួយជម្រើសដែលមិនអាចទទួលយកបាន និងចំណាយច្រើន។
វិធានការនៅថ្ងៃចន្ទនេះ ត្រូវបានគេរំពឹងថា នឹងដោះស្រាយសមត្ថភាពផ្ទុកដ៏ចង្អៀតរបស់ពន្ធនាគារ នៅភាគខាងជើងនៃប្រទេសអង់គ្លេស ជាតំបន់ដែលរងផលប៉ះពាល់ដោយកុបកម្មនាពេលថ្មីៗនេះ ដែលបានកើតមានឡើងបន្ទាប់ពីមានព័ត៌មានមិនពិតដែលថា ជនសង្ស័យក្នុងការសម្លាប់ក្មេងស្រី ៣នាក់ គឺជាជនអន្តោប្រវេសន៍អ៊ិស្លាម៕