ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov នៅថ្ងៃចន្ទ (ទី១៩ ខែសីហា) បាននិយាយថា ទីក្រុងមូស្គូមិនទាន់ត្រៀមខ្លួននៅឡើយទេ ដើម្បីបើកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន សម្រាប់ពេលនេះ ដោយសារការវាយប្រហាររបស់ទីក្រុងគីវ លើតំបន់ Kursk របស់រុស្ស៊ី ប៉ុន្តែថា រុស្ស៊ីមិនបានបោះបង់សំណើសន្តិភាព កាលពីមុននោះទេ។
លោក Ushakov បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន SHOT។ លោក Ushakov បានប្រាប់ថា៖ «នៅដំណាក់កាលនេះ ដោយគិតដល់ហានិភ័យនេះ (តំបន់ Kursk) យើងនឹងមិនពិភាក្សាទេ»។
គួរបញ្ជាក់ថា ការលុកលុយយ៉ាងលឿនដូចផ្លេកបន្ទោររបស់អ៊ុយក្រែន ដែលជាការលុកលុយដ៏ធំបំផុតចូលទៅក្នុងប្រទេសរុស្ស៊ីដោយមហាអំណាចបរទេស គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ បានចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា នៅពេលដែលទាហានអ៊ុយក្រែនរាប់ពាន់នាក់ បានឆ្លងកាត់ព្រំដែនភាគខាងលិចរបស់រុស្ស៊ី ដោយហេតុការណ៍នេះបានផ្ដល់ភាពអាម៉ាស់យ៉ាងធំដល់យោធារុស្ស៊ី។
នៅពេលត្រូវបានសួរថា តើសំណើសម្រាប់កិច្ចចរចាសន្តិភាពដែលដាក់ចេញដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីខែមិថុនា ឥឡូវនេះ លែងស្ថិតនៅក្នុងការពិភាក្សាទៀតហើយ ឬមែនទេ លោក Ushakov បានឆ្លើយថា សំណើនោះនៅដដែល។ លោក Ushakov បានប្រាប់ថា៖ «ទេ ពួកគេ (សំណើ) មិនត្រូវបានលុបចោលទេ។ ប៉ុន្តែមែនហើយ នៅចំណុចនេះ វាជាពេលវេលាមិនសមរម្យទាល់តែសោះ ក្នុងការចូលទៅក្នុងដំណើរការចរចា ទោះប្រភេទណាក៏ដោយ»៕