សេវាកម្មសង្រ្គោះបន្ទាន់ និងពន្លត់អគ្គិភ័យអ៊ីតាលី និយាយថា បុរសម្នាក់ បានស្លាប់ និងមនុស្ស ៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយនាវាកម្សាន្តប្រណីតលិចនៅជិតតំបន់ឆ្នេរកោះ Sicily ប្រទេសអ៊ីតាលីនៅព្រឹកថ្ងៃចន្ទនេះ ។
សារព័ត៌មានអ៊ីតាលី រាយការណ៍ថា នាវាកម្សាន្តប្រវែង ៥៦ម៉ែត្រ បានចងទង់ជាតិអង់គ្លេស ហើយជនជាតិអង់គ្លេសស្ថិតនៅក្នុងចំណោមអ្នកបាត់ខ្លួន ។
មនុស្ស ២២នាក់នៅលើនាវា រួមទាំងក្រុមនាវិក ១០នាក់ និងអ្នកដំណើរ ១២នាក់ ដែលពួកគេមួយចំនួនគឺជាជនជាតិអាមេរិក និងកាណាដា ។ សេវាកម្មសង្រ្គោះបន្ទាន់ សង្រ្គោះបានមនុស្ស ១៥នាក់ រួមទាំងក្មេងអាយុ ១ឆ្នាំម្នាក់ផងដែរ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា នាវាកម្សាន្ត Bayesianបានលិច ក្រោយជួបព្យុះកាលពីយប់ បណ្តាលឲ្យមានរលកសមុទ្រធំៗ និងបង្កជាទឹកកួច ។
សាក្សី និយាយប្រាប់សារព័ត៌មានអ៊ីតាលី Ansa ថា យុថ្ការបស់នាវា Bayesian បានដាច់ ពេលដែលព្យុះវាយប្រហារ បណ្តាលឲ្យនាវាបាត់បង់លំនឹង រួចក៏លិចតែម្តង ។
សាកសពរបស់បុរសម្នាក់ដែលបានប្រកាសស្លាប់ ត្រូវបានរកឃើញនៅក្រៅបំណែកនាវា ។ សញ្ញាតិរបស់គាត់ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេ ៕