គណបក្សរបស់លោក Imran Khan បានប្រាប់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគា បានដាក់ពាក្យធ្វើជាអធិការបតីបន្ទាប់នៃសាកលវិទ្យាល័យ Oxford ដ៏មានកិត្យានុភាពរបស់ប្រទេសអង់គ្លេស។
លោក Khan ដែលកាន់តំណែងនាយករដ្ឋមន្ត្រីពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ទើបតែជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ជុំវិញបទចោទប្រកាន់ផ្សេងៗ រាប់ចាប់ពីអំពើពុករលួយ រហូតដល់បទល្មើសញុះញង់ឲ្យមានអំពើហិង្សា ដែលលោកបាននិយាយថា ជាការចោទប្រកាន់មានហេតុផលនយោបាយ និងរៀបចំឡើងដើម្បីកុំឲ្យលោកមានអំណាច។
អ្នកនាំពាក្យរបស់គណបក្ស Pakistan Tehreek-e-Insaf (PTI) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស លោក Sayed Zulfikar Bukhari បានប្រាប់សារព័ត៌មាន AFP ថា៖ «លោក Imran Khan បានផ្តល់ការណែនាំថា លោកចង់ដាក់ពាក្យសុំរបស់លោក ហើយឥឡូវនេះ ការត្រួតពិនិត្យលើពាក្យសុំនោះ នឹងប្រព្រឹត្តទៅ»។
ឥស្សរជនអភិរក្សនិយម លោក Chris Patten ដែលជាជនជាតិអង់គ្លេសកាន់តំណែងអភិបាលក្រុងហុងកុងចុងក្រោយ បានប្រកាសកាលពីខែកុម្ភៈថា លោកនឹងចុះចេញពីតំណែងជាអធិការបតីរបស់សាកលវិទ្យាល័យ Oxford។
គួរបញ្ជាក់ាថា បញ្ជីនៃបេក្ខជន ដែលស្វែងរកតួនាទីមានអាណត្តិ ១០ឆ្នាំនេះ នឹងមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ រហូតដល់ខែតុលា។ នេះបើយោងតាមគេហទំព័ររបស់សាកលវិទ្យាល័យ ដោយការបោះឆ្នោត នឹងធ្វើឡើងនៅចុងខែនោះ។
លោក Khan បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីបានសិក្សាផ្នែកទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច៕