មន្ត្រីម្នាក់ នៅថ្ងៃចន្ទ (ទី១៩ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ជនស៊ីវិល នៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនយុទ្ធសាស្ត្រភាគខាងកើតនៃទីក្រុង Pokrovsk របស់ប្រទេសអ៊ុយក្រែន មានពេលត្រឹមតែ ១ ឬ ២សប្តាហ៍ប៉ុណ្ណោះ ក្នុងការជម្លៀសចេញ ខណៈដែលកងទ័ពរុស្ស៊ីកំពុងឆ្ពោះទៅកាន់ទីក្រុងនេះ។
សមរភូមិ Pokrovsk នៅតែជាតំបន់ដែលមានការប្រយុទ្ធគ្នាខ្លាំងបំផុត នៅភាគខាងកើតអ៊ុយក្រែន ដោយចំនួនខ្ពស់បំផុតនៃការប៉ះទង្គិចគ្នាត្រូវបានរាយការណ៍ កាលពីសប្តាហ៍មុន ខណៈដែលយោធាអ៊ុយក្រែនបន្តការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី។
កងកម្លាំងមូស្គូបានបន្តរុលទៅមុខជាលំដាប់ នៅក្នុងតំបន់ Pokrovsk ក្នុងប៉ុន្មានខែថ្មីៗនេះ។ អាជ្ញាធរក្នុងតំបន់ បាននិយាយថា គិតត្រឹមសប្តាហ៍មុន ពួកគេបានស្ថិតនៅទីតាំងត្រឹមតែជាង ១០គីឡូម៉ែត្រពីជាយក្រុង។ ហើយប្រមុខរដ្ឋបាលយោធាទីក្រុង លោក Serhiy Dobriak កាលពីថ្ងៃចន្ទ បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា ជនស៊ីវិលគួរតែចាកចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅពេលដែលត្រូវបានសួរ អំពីពេលវេលាដែលនៅសល់សម្រាប់ការជម្លៀស ដោយគិតដល់ល្បឿននៃការរុលទៅមុខរបស់កងកម្លាំងរុស្ស៊ី លោក Dobriak បានប្រាប់សេវាកម្មអ៊ុយក្រែនរបស់វិទ្យុ Liberty ថា ប្រជាជនស៊ីវិល មានពេល «១ ឬ ២សប្ដាហ៍ប៉ុណ្ណោះ មិនអាចលើសនេះឡើយ»។ ហើយលោកបានបន្ថែមថា អាជ្ញាធរមានសមត្ថភាពជម្លៀសមនុស្សយ៉ាងហោចណាស់ ១.០០០នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែមានតែមនុស្ស ៥០០-៦០០នាក់ប៉ុណ្ណោះដែលកំពុងចាកចេញ ក្នុងមួយថ្ងៃ។
អភិបាលតំបន់លោក Vadym Filashkin បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា មនុស្សប្រហែល ៥៣.០០០នាក់ ក្នុងនោះរួមទាំងកុមារជិត ៤.០០០នាក់ផងដែរ នៅតែស្ថិតក្នុងទីក្រុង Pokrovsk និងកន្លែងតាំងទីលំនៅក្បែរៗគ្នា៕