នៅថ្ងៃចន្ទនេះ ក្រុមគ្រូពេទ្យ បានប្រញាប់ប្រញាល់បញ្ជូនអ្នកគ្រោះថ្នាក់ទៅកាន់មន្ទីរពេទ្យ Nasser របស់ទីក្រុង Khan Younis ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៣នាក់ និងមនុស្សយ៉ាងហោច ៥នាក់ផ្សេងទៀត រងរបួស ។
ខណៈពេលនោះដែរ ក្រុមហាម៉ាស បានរិះគន់សំណើបទឈប់បាញ់ថ្មីសម្រាប់តំបន់ហ្កាហ្សា ដែលបានបង្ហាញនៅក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីសប្តាហ៍មុន ថាជាការបំពេញលក្ខខណ្ឌរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជាពិសេសការបដិសេធរបស់លោក ក្នុងការព្រមព្រៀងចំពោះបទឈប់បាញ់អចិន្ត្រៃយ៍ ។
ក្រុមហាម៉ាស បានអះអាងថា សំណើនេះស្របតាមការទាមទាររបស់ លោក Netanyahu រួមទាំងការបដិសេធបទឈប់បាញ់អចិន្ត្រៃយ៍ ដោយនៅតែរក្សាការគ្រប់គ្រងច្រករបៀង Netzarim ច្រកឆ្លងកាត់ទីក្រុង Rafah និងច្រករបៀងPhiladelphia ព្រមទាំងដាក់លក្ខខណ្ឌថ្មីៗលើការដោះដូរអ្នកទោស ដែលក្រុមហាម៉ាស និយាយថា រារាំងការបញ្ចប់កិច្ចព្រមព្រៀង ។
សូមបញ្ជាក់ថា សង្រ្គាមបច្ចុប្បន្ននៅតំបន់ហ្កាហ្សា បានចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពេលដែលក្រុមហាម៉ាស់ វាយប្រហារឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់សហគមន៍អ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៥០នាក់ ។
យុទ្ធនាការសងសឹករបស់អ៊ីស្រាអែលចាប់តាំងពីពេលនោះមកនៅតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤ម៉ឺននាក់ ៕