ទួរគី៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ដើម្បីតវ៉ាប្រឆាំងទៅនឹងវិធានការរឹតត្បិតវីរុស COVID-19។ ក្រុមមនុស្សដែលមិនពាក់ម៉ាស់បានប្រមូលផ្តុំគ្នានៅតំបន់ Maltepe ជាកន្លែងបើកចំហនៃទីក្រុង ដើម្បីអំពាវនាវឱ្យបញ្ចប់វិធានការរឹតត្បិតដែលត្រូវបានដាក់ដើម្បីប្រយុទ្ធប្រឆាំង COVID-19។

ក្នុងចំណោមក្រុមអ្នកតវ៉ាក៏មានអ្នកសារព័ត៌មាន លោក Abdurrahman Dilipak អ្នកយកព័ត៌មានឱ្យសារព័ត៌មានអ៊ីស្លាម Yeni Akit។ លោកបាននិយាយថា លោកជឿជាក់ថា វិធានការរឹតត្បិតចាំបាច់ត្រូវបន្ធូរបន្ថយ ខណៈមិនចាំបាច់ឲ្យមានមនុស្សពាក់ម៉ាស់ ឬចាក់វ៉ាក់សាំងការពារពីវីរុសទៀតនោះទេ។ លោកនិយាយថា សុខភាពរបស់មនុស្សត្រូវការភាពរឹងប៉ឹង។ ទួរគីបានឃើញការកើនឡើងនៃករណីឆ្លង និងការស្លាប់ចាប់តាំងពីប្រទេសនេះបានដកវិធានការរឹតត្បិតកាលពីខែកក្កដា បន្ទាប់ពីការបិទខ្ទប់តឹងរ៉ឹង។ ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងពីប្រមាណ ៥.០០០នាក់ដល់ជាង ២០.០០០នាក់ ហើយតិចជាងពាក់កណ្ដាលនៃប្រជាជន ៩៤លាននាក់របស់ប្រទេសទួរគីបានចាក់វ៉ាក់សាំងពេញលេញចំនួនពីរដូស។ ប្រទេសទួរគីមានករណីឆ្លងវីរុស COVID-19 សរុប ៦,៦៥៨,២៥១ករណី និងមានអ្នកស្លាប់ ៥៩,៨៨៦នាក់។
អត្ថបទ៖ ប៊ុន ថន