សហសេវិក របស់វេជ្ជបណ្ឌិតហាត់ការម្នាក់ដែលត្រូវបានគេចាប់រំលោភនិងសម្លាប់នៅទីក្រុង Kolkata ប្រទេសឥណ្ឌា និយាយថា ឧក្រិដ្ឋកម្មដ៏រន្ធត់នេះ បានធ្វើឲ្យនាងមានការប៉ះទង្គិចផ្លូវចិត្ត និងភ័យខ្លាច មិនហានទៅធ្វើការ។ សារព័ត៌មាន Reuters បានបិតបាំងមុខរបស់នាងព្រិលៗ និងធ្វើឲ្យខុសទ្រង់ទ្រាយសំឡេងដើម ដើម្បីការពារអត្តសញ្ញាណរបស់នាង។ នាងនិយាយថា នាងបានជួបជនរងគ្រោះវេជ្ជបណ្ឌិតអាយុ៣១ឆ្នាំដែលត្រូវបានរំលោភនិងសម្លាប់ ជាញឹកញាប់។

បុគ្គលិកបានប្រាប់សារព័ត៌មានរ៉យទ័រថា ជនរងគ្រោះបានសម្រាកនៅក្នុងសាលមួយនៅមហាវិទ្យាល័យ បន្ទាប់ពីធ្វើការជិត២០ម៉ោងនៃការប្តូរវេនរយៈពេល៣៦ម៉ោងរបស់នាង។ សហសេវិករូបនេះ និយាយថា នាងពុំបានដេកលក់ស្រួលនោះទេ ចាប់តាំងពីថ្ងៃវាយប្រហារថ្ងៃទី៩ ខែសីហា មក។ មានបរិយាកាសនៃការភ័យខ្លាច នៅពេលដែលគ្មានការធានាច្បាស់លាស់ពីអាជ្ញាធរ ទាក់ទងទៅនឹងសុវត្ថិភាព និងសន្តិសុខរបស់វេជ្ជបណ្ឌិត។

រយៈពេល៩ទៅ១០ថ្ងៃនេះ ពួកគេមិនបានធ្វើអ្វីសោះ រហូតមកដល់ពេលនេះ។ យើង អាចនិយាយបានថា យើងគ្រប់គ្នា ជាពិសេសបុគ្គលិកជាស្ត្រី យើងភ័យខ្លាចចូលមកកន្លែងធ្វើការ ប្រសិនបើសន្តិសុខនៅតែដូចពេលមុន អ្នកណាក៏អាចត្រូវគេវាយប្រហារបានដែរ។
ការចាប់រំលោភហើយសម្លាប់នេះ បានបង្កឱ្យមានរលកនៃការតវ៉ា ហើយវេជ្ជបណ្ឌិតនៅទូទាំងប្រទេស បានបដិសេធមិនពិនិត្យអ្នកជំងឺដែលមិនស្ថិតក្នងស្ថានភាពសង្គ្រោះបន្ទាន់។
នគរបាលស្ម័គ្រចិត្តម្នាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋ។ រដ្ឋាភិបាល បានជំរុញឱ្យគ្រូពេទ្យត្រឡប់ទៅបំពេញកាតព្វកិច្ចវិញ ខណៈរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការមួយដើម្បីស្នើវិធានការធ្វើឲ្យប្រសើរការការពារសម្រាប់បុគ្គលិកថែទាំសុខភាព។