នគរបាលការពារព្រំដែនគោកលេខ៧០១ ក្នុងខេត្តស្ទឹងត្រែង អះអាងថា បង្គោលព្រំដែនតាមព្រំដែនកម្ពុជា-ឡាវមិនមានការបាត់បង់សភាពដើមឡើយ ផ្ទុយពីការចោទប្រកាន់ខុសការពិតរបស់ក្រុមអគតិ។
ក្នុងពេលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេសប្រតិកម្មចំពោះការបំភ្លៃ និងចោទប្រកាន់ខុសការពិតទាក់ទងនឹងការបាត់ទឹកដីពីខេត្តចំនួន៤ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីសប្តាហ៍មុននេះ ក្រុមការងាររបស់ BTV បានចុះទៅដល់តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវក្នុងស្ទឹងត្រែង ដើម្បីជួបជាមួយកងកម្លាំងការពារព្រំដែនដែលកំពុងឈរជើងនៅតំបន់នោះ។ ក្នុងនោះ លោក ហ៊ុយ ធីតា មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៧០១ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបង្ហាញ និងអះអាងថាអធិបតេយ្យភាពដែនដីរបស់ប្រទេសកម្ពុជា និងបង្គោលព្រំដែនទាំងអស់នៅរក្សាសភាពដើមដូចដើម ដែលផ្ទុយពីការចោទប្រកាន់ខុសការពិតរបស់ក្រុមអគតិ។
ជាមួយគ្នា យុវជនខេត្តស្ទឹងត្រែង ជឿជាក់ថាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ជាចលករសម្រាប់ការរីកចម្រើន និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលផ្ទុយពីការចោទប្រកាន់ថាកិច្ចសហប្រតិបត្តិការនេះជាហេតុផលធ្វើឱ្យបាត់បង់ទឹកដីខេត្តទាំងមូល។
សូមជម្រាបថា ខេត្តស្ទឹងត្រែងមានព្រំដែននៃស្រុកចំនួន២ជាប់នឹងប្រទេសឡាវ គឺស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង។ ខេត្តស្ទឹងត្រែងបានបញ្ចប់ការបោះបង្គោលព្រំដែនរួចរាល់១០០ភាគរយ ស្មើនឹងចំនួន២២៣បង្គោល ខណៈទាក់ទងនឹងបញ្ហាព្រួយបារម្ភអំពីការបាត់ទឹកដីនៃខេត្តស្ទឹងត្រែង តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នោះ គឺមិនអាចទៅរួចនោះទេ ព្រោះខេត្តមួយនេះមានព្រំដែនជាប់ប្រទេសឡាវតែមួយប៉ុណ្ណោះ៕
អត្ថបទ សេក ឧត្តម
