អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ២១៥នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុបង្កឡើងដោយទឹកភ្លៀង និងទឹកជំនន់ នៅក្នុងប្រទេសប៉ាគីស្ថាន នៅក្នុងរដូវមូសុង រួមទាំងអ្នកស្លាប់ចំនួន២០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ និយាយនៅក្នុងរបាយការណ៍ថា មនុស្សសរុបចំនួន៤៣នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួសក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈចំនួនអ្នករងរបួសនៅក្នុងរដូវវស្សាចាប់ផ្តើមពីខែកក្កដាមក បានកើនឡើងដល់៤០៥នាក់។
របាយការណ៍និយាយថា ពេញមួយរដូវ អ្នកស្លាប់រួមមានកុមារ១០៨នាក់ និងស្ត្រី៣២នាក់។

ខេត្ត Punjab ភាគខាងកើត គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមានអ្នកស្លាប់ចំនួន៨៦ នាក់ បន្ទាប់មកគឺខេត្ត ឃីប័រ ប៉ាកទុនខ្វា(Khyber Pakhtunkhwa)ភាគពាយ័ព្យ និងខេត្ត Sindh ភាគខាងត្បូង មានអ្នកស្លាប់៦៥នាក់ និង៣៧នាក់ នីមួយៗ។
របាយការណ៍និយាយថាមនុស្ស១៨ នាក់ បានស្លាប់នៅក្នុងខេត្ត Balochistan ភាគនិរតី ៥នាក់ស្លាប់នៅក្នុងតំបន់កាស្មៀគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន និង៤នាក់បានស្លាប់នៅក្នុងតំបន់ Gilgit-Baltistan ភាគខាងជើង។ អាជ្ញាធរ ក៏បាននិយាយផងដែរថា សត្វពាហនៈចំនួន៤៤៨ក្បាល បានងាប់ ខណៈលំនៅឋាន ២.៥៧៥ខ្នង និងស្ពាន៣១កន្លែង បានរងការបំផ្លាញ ក្នុងអំឡុងពេលរដូវកាលមូសុងនេះ។
របាយការណ៍ក៏បាននិយាយផងដែរថា ជំរំចំនួន៨៦កន្លែងសម្រាប់អង្គភាពសេវាវេជ្ជសាស្រ្ត និងសង្គ្រោះ ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល ដែលមនុស្សចំនួន ៤.១០២នាក់ បានទទួលការព្យាបាល ឬសង្គ្រោះ។ រដូវកាលមូសុង ឆ្លងកាត់រហូតដល់ខែកញ្ញានៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។