អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងអប់រំ បានដាក់បញ្ចូលចំណេះដឹងទាក់ទងអាស៊ាន ក៏ដូចជាសារៈសំខាន់នៃកិច្ចសហប្រតិបត្តិកាជាមួយប្រទេសក្នុងតំបន់ និងពិភពលោក នៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀនរដ្ឋតាំងពីយូរមកហើយ ហើយតាមរយៈការសិក្សាចំណេះដឹងទាក់ទងនឹងអាស៊ាននេះ ធ្វើឲ្យសិស្សានុសិស្សទូទាំងបានយល់ដឹងការងារក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ថ្លែងប្រាប់ BTV ថ្ងៃទី២០ ខែសីហានេះថា នៅក្នុងមុខវិជ្ជាសិក្សាសង្គម ភាសាខ្មែរ ប្រវត្តិវិទ្យា និងភូមិវិទ្យាក៏មានចំណេះដឹងស្តីពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងពលរដ្ឋសាកល ទាក់ទងនឹងអាស៊ាន និងសហប្រតិបត្តិការក្នុងតំបន់ដែរ ដែលអាចឱ្យសិស្សានុសិស្សទាំងអស់គ្នា បានមើលឃើញពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ជាពិសេសក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV DTAផងដែរ។

បណ្តាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនតាខ្មៅ បានអះអាងថា ចំណេះដឹងទាក់ទងអាស៊ាន និងការងារកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ជាពិសេសការងារកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA ជាដើមនោះ ពួកគេបានយល់ដឹង និងបានរៀនសូត្រតាំងពីថ្នាក់អនុវិទ្យាល័យរហូតដល់វិទ្យាល័យថ្នាក់ទី១០ ទី១១ និងថ្នាក់ទី១២ថែមទៀត។

សិស្សានុសិស្ស បានសម្ដែងការសោកស្ដាយដែលអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសខិតខំនិយាយប្រឌិតរឿង CLV DTA ខុសពីការពិតទាំងស្រុង។ ពួកគេយល់ថា អ្នកនយោបាយប្រឆាំងក្រៅស្រុក តែងតែបង្កើតអំពើញុះញង់ឲ្យជាតិបែកបាក់គ្នា ខណៈកិច្ចសហប្រតិបត្តិការ CLV DTA បានចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរឹងមាំរៀងរហូត ពិសេសការធានានិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយដល់ប្រជាជាតិកម្ពុជា និងបណ្តាពលរដ្ឋនៅក្នុងខេត្តអភិវឌ្ឍទាំងបួននោះ៕ អត្ថបទ ស៊ុម សុខជា

