តំណាងសហជីពថ្នាក់ជាតិ និងសហជីពមូលដ្ឋានតាមបណ្តារោងចក្រ ក្រុមហ៊ុនអ្នកបញ្ជាទិញ នៅថ្ងៃទី២០ ខែសីហានេះ បានចូលរួមកិច្ចប្រជុំក្រុមការងារសហជីពស្តីពី «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ដើម្បីស្វែងរកមធ្យោបាយ និងយន្តការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការបួសអាស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់អំពីស្ថានភាពនាពេលបច្ចុប្បន្ននៃការរាយការណ៍កង្វល់ ជំរុញការចូលរួមរបស់សហជីពក្នុងការសន្ទនាដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការចូលរួមរបស់សហជីពក្នុងដំណើការលើកឡើងអំពីកង្វល់នានាក្នុងពេលធ្វើដំណើររបស់កម្មករនិយោជិត ទាំងនៅកម្រិតរោងចក្រ និងថ្នាក់ជាតិ ហើយលើកទឹកចិត្តឱ្យសហជីពដាក់បញ្ចូលកង្វល់ក្នុងពេលធ្វើដំណើរលើកឡើងដោយកម្មករនិយោជិតក្នុងរបៀបវារៈកិច្ចប្រជុំថ្នាក់ជាតិ។
អ្នកស្រី សួន សុគន្ធា សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា បាននិយាយថា ទោះជាមានការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយ យ៉ាងណាក៏ដោយ ក្តីកង្វល់របស់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសកម្មករនិយោជិត ក៏តែមានចំនួនច្រើន។ ហេតុនេះទើបអង្គការសហជីព បានបន្តចូលរួមចំកិច្ចប្រជុំបែបនេះ ដើម្បីលើកកម្ពស់ការធ្វើដំណើររបស់កម្មករនិយោជិត ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ មានចំនួនជិត ៨០០នាក់ ចំនួននេះមានការកើនឡើងប្រមាណ៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយនេះ បើយោងតាមរបាយការណ៍បេឡាជាតិសន្តិសុខសង្គម បានបង្ហាញថា កម្មករនិយោជិតវិស័យរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ពេលធ្វើដំណើរទៅមកបំពេញការងារនៅក្នុងរយៈពេល ៦ខែដូចគ្នា មានការកើនឡើងប្រមាណ ២០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ តាមលទ្ធផលនេះសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារដែលបណ្តាល ឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។ ជារៀងរាល់ថ្ងៃការធ្វើដំណើរទៅ និងមកពីការងារជារៀងរាល់ថ្ងៃបានធ្វើឲ្យជីវិតកម្មកររោងចក្រកាត់ដេរ និងស្បែកជើងជាង ៨៧ម៉ឺននាក់ ដែលកំពុងធ្វើការនៅរោងចក្រជាង ១ពាន់ នៅទូទាំងប្រទេសជួបគ្រោះថ្នាក់៕ អត្ថបទ ឈិត បូរ៉ាវី



