បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯសន្និបាតជាតិរបស់គណបក្សកាលពីយប់ថ្ងៃចន្ទ (១៩ សីហា) ដោយបានទាក់ទាញការអបអរសាទរពីហ្វូងមនុស្ស ខណៈលោកស្រីប្តេជ្ញាថានឹងយកឈ្នះលើគូប្រជែងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតខែវិច្ឆិកា។

អនុប្រធានាធិបតីអាមេរិក លោកស្រី Harris បាននិយាយនៅក្នុងសុន្ទរកថាខ្លីៗដែលទាក់ទាញការស្រែកហ៊ោពីហ្វូងមនុស្សថា «ចូរយើងបន្តប្រយុទ្ធដើម្បីឧត្តមគតិដែលយើងប្រកាន់យក ហើយត្រូវចងចាំជានិច្ចថាពេលដែលយើងតស៊ូប្រយុទ្ធគឺយើងជាអ្នកឈ្នះ»។
លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងអតីតរដ្ឋមន្រ្តីការបរទេស លោកស្រី ហ៊ីលឡារី ឃ្លីងតុន (Hillary Clinton) ក៏បានបង្ហាញខ្លួននៅយប់ថ្ងៃចន្ទ ដែលជាយប់ដំបូងនៃព្រឹត្តិការណ៍រយៈពេលបួនថ្ងៃនៅទីក្រុងឈីកាហ្គោ (Chicago)។

សុន្ទរកថារបស់លោក Biden ក្នុងព្រឹត្តិការណ៍នេះឆ្លុះបញ្ជាំងពីការប្រគល់តំណែងបេក្ខភាពឱ្យលោកស្រី Harris បន្ទាប់ពីរងសម្ពាធឱ្យចាកចេញពីការប្រជែងតំណែងសេតវិមានកាលពីខែមុន ដោយសារក្ដីបារម្ភពីវ័យចំណាស់របស់ប្រធានាធិបតីរូបនេះ។
ដោយធ្លាប់ធ្វើជាអនុប្រធានាធិបតីរបស់ប្រធានាធិបតីអាមេរិកស្បែកខ្មៅទីមួយ លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក Biden បានដកខ្លួនចេញពីការប្រជែងតំណែងដើម្បីអនុញ្ញាតឱ្យលោកស្រី Harris ព្យាយាមបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាស្ត្រីទីមួយដែលជាជនជាតិអាមេរិកស្បែកខ្មៅ និងអាស៊ី ដែលកាន់តំណែងខ្ពស់បំផុតរបស់ប្រទេស៕