កងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ (២០ សីហា) នេះថា យន្តហោះចម្បាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាង ២០០គ្រឿងនឹងត្រូវហោះក្រឡឹងអាកាសសម្រាប់រយៈពេល ៥ថ្ងៃក្នុងសប្តាហ៍នេះ ក្នុងថ្ងៃទីពីរនៃសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ ដែលនឹងក្លាយចំនួនដ៏ធំបំផុតនៃការហោះហើរក្នុងពេលលំហាត់សមយោធា។

ការហ្វឹកហ្វឺននេះគឺជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព អ៊ុលឈី (Ulchi Freedom Shield) ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងដើម្បីជំរុញការត្រៀមខ្លួនរួមគ្នារបស់យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។

កងទ័ពអាកាសកូរ៉េខាងត្បូងនិយាយថា យន្តហោះនៅលើជើងហោះហើរល្បាតការពារកំពុងត្រូវបានបង្វែរទៅសេណារីយ៉ូប្រយុទ្ធតាមអាកាស ក្រោមសមយុទ្ធនិមិ្មតដែលពាក់ព័ន្ធនឹងការរារាំងយន្តហោះសត្រូវ និងការការពារមីស៊ីលតម្រង់គោលដៅ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់កងទ័ពចំនួន ២៨.៥០០នាក់នៅកូរ៉េខាងត្បូង សម្រាប់ការការពាររួមគ្នាប្រឆាំងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។

កូរ៉េខាងជើង តែងតែរិះគន់សមយុទ្ធប្រចាំឆ្នាំ អ៊ុលឈី មួយនេះដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (១៩ សីហា) ហើយនឹងដំណើរការរហូតដល់ថ្ងៃទី២៩ ខែសីហា ថាជាការបង្កភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដោយហៅសមយុទ្ធទាំងនោះថាជាការហាត់សមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ៕