កោះតៃវ៉ាន់ នៅថ្ងៃអង្គារ (២០ សីហា) នេះបានបង្ហាញពីកម្លាំងមីស៊ីលរបស់ខ្លួន ដោយការសាកល្បងមីស៊ីលបាញ់ពីដីទៅអាកាសនៅចំពោះមុខក្រុមអ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានសាកល្បងដ៏រសើបមួយនៅលើផ្នែកដាច់ស្រយាលនៃតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះ។

កោះស្វ័យគ្រប់គ្រង តៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីការបង្កើនសកម្មភាពយោធារបស់ចិន ខណៈដែលទីក្រុងប៉េកាំង ព្យាយាមអះអាងការទាមទារអធិបតេយ្យភាព ហើយទីក្រុងតៃប៉ិ បាននិងកំពុងពង្រឹងសមត្ថភាពរារាំងរបស់ខ្លួន។
មីស៊ីលគឺជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រការពាររបស់កោះតៃវ៉ាន់ ដែលមានទាំងផលិតដោយសហរដ្ឋអាមេរិក និងផលិតក្នុងស្រុក។ នៅឯមូលដ្ឋាន ជីវផឹង (Jiupeng) ក្នុងតំបន់ ភីងទុង (Pingtung) របស់កោះតៃវ៉ាន់ យោធាបានធ្វើតេស្តបាញ់មីស៊ីលផាទ្រីយ៉ូត (Patriot) ផលិតដោយអាមេរិក និងមីស៊ីល ស្កាយបូ-៣ (Sky Bow III) ផលិតដោយតៃវ៉ាន់ ទៅលើអាកាសពេលព្រឹកព្រលឹមថ្ងៃអង្គារ ខណៈដែលនាវាចម្បាំងមួយគ្រឿងនៅឆ្នេរសមុទ្របានបាញ់មីស៊ីលស្តង់ដា RIM-66។

មូលដ្ឋាន ជីវផឹង ក៏ជាទីតាំងដែលក្រុមអភិវឌ្ឍអាវុធគ្រប់គ្រងដោយរដ្ឋាភិបាល គឺវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជុងសាន (Chung-Shan) សាកល្បងមីស៊ីលប្រភេទថ្មី ដូចជាមីស៊ីល សុងហ្វឹង (Hsiung Feng) រយៈចម្ងាយឆ្ងាយ ដែលត្រូវបានបង្កើតឡើងដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសចិនផងដែរ៕