អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង់ពន្ធប្រាក់ចំណូលសហព័ន្ធត្រឹមតែ ៧៥០ ដុល្លារក្នុងឆ្នាំ២០១៦ ជាឆ្នាំដែលលោកបានឈ្នះការបោះឆ្នោត នេះបើយោងតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ (The New York Times) កាលពីថ្ងៃអាទិត្យទី២៧ ខែកញ្ញាដោយដកស្រង់ទិន្នន័យប្រមូលពន្ធដែលមានរយៈពេលជាង ២០ ឆ្នាំ។
របាយការណ៍នោះ បានបន្ថែមទៀតថា លោកក៏បានចំណាយត្រឹមតែ ៧៥០ដុល្លារអាមេរិកផងដែរ ក្នុងឆ្នាំដំបូងរបស់លោកនៅសេតវិមានហើយលោកពុំបានបង់ពន្ធលើប្រាក់ចំណូលអ្វីទាំងអស់ក្នុងរយៈពេល ១០នៃរយៈពេល១៥ឆ្នាំមុន ព្រោះលោកបានរាយការណ៍ថាបានខាតបង់ប្រាក់ច្រើនជាងអ្វីដែលលោករកបាន។
ភ្លាមៗនោះលោក Trump បានច្រានចោលរបាយការណ៍នេះដោយហៅថា របាយការណ៍របស់សារព័ត៌មានThe New York Times ថាជាព័ត៌មានក្លែងក្លាយទាំងស្រុង។ លោកនិយាយថា ដំបូងឡើយលោកបានចំណាយយ៉ាងច្រើនហើយលោកបានបង់ពន្ធលើប្រាក់ចំណូលរបស់រដ្ឋជាច្រើនផងដែរ។
ការថ្លែងរបស់លោកត្រាំ ធ្វើឡើងក្នុងអំឡុងសន្និសីទសារព័ត៌មាននៅឯសេតវិមានកាលពីល្ងាចថ្ងៃអាទិត្យ ជាទីដែលលោកបានអះអាងផងដែរថា លោកបានបង់ពន្ធហើយ ប៉ុន្តែពុំបានបញ្ជាក់ពីព័ត៌មានលម្អិតទេ៕
