ក្រុមចលនាតស៊ូប៉ាឡេស្ទីនហាម៉ាស និយាយថា សហរដ្ឋអាមេរិកកំពុង អូសពេលវេលា ទុកឲ្យរបបអ៊ីស្រាអែល បន្តសង្រ្គាមប្រល័យពូជសាសន៍របស់ខ្លួននៅលើតំបន់ហ្កាហ្សាស្ទ្រីប។

ក្រុមមន្ត្រីនៅហ្កាហ្សា បាននិយាយថាចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីកងទ័ពអ៊ីស្រាអែលបានកើនឡើងជាង៤ម៉ឺននាក់ ។
លោក អូសាម៉ា ហាំដាន់ (Osama Hamdan) អ្នកតំណាងក្រុមហាម៉ាសនៅក្នុងប្រទេសលីបង់ បានធ្វើអត្ថាធិប្បាយបែបនេះទៅកាន់បណ្តាញទូរទស្សន៍ Al Jazeera របស់ប្រទេសកាតាកាលពីថ្ងៃចន្ទ។លោកនិយាយថាចលនានេះបានយល់ព្រមចំពោះសំណើបទឈប់បាញ់ដែលត្រូវបានបញ្ជូនបន្តដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden កាលពីខែមុន។

លោក ហាំដាន់ និយាយថា យើងបានយល់ព្រមចំពោះសំណើដែលបង្ហាញដោយលោក Biden ប៉ុន្តែរដ្ឋបាលសហរដ្ឋអាមេរិកបានបរាជ័យក្នុងការបញ្ចុះបញ្ចូល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin] Netanyahu ។

បន្ទាប់ពីផែនការ U-turn របស់ទីក្រុង Tel Aviv សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដែលបាននិងកំពុងសម្របសម្រួលកិច្ចចរចាក្នុងគោលបំណងបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ បាននិយាយថា ពួកគេបានបង្កើតគ្រោងការណ៍ថ្មីមួយ។
ការអះអាងបែបនេះពីសំណាក់ក្រុមហាម៉ាស បានកើតឡើង ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាង ថា លោក Netanyahu បានទទួលយកសំណើបំពេញចន្លោះប្រហោងបទឈប់បាញ់។
យ៉ាងណាក៏ដោយ លោក ហាំដាន់ បានអះអាងថា ក្រុមហាម៉ាស នឹងយល់ព្រមតែក្នុងការអនុវត្តសំណើពង្រាងដោយលោកBiden កាលពីកន្លងទៅប៉ុណ្ណោះ៕