ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការការពារខ្លួន តាមរយៈអនុវត្តវិធានការសុខាភិបាលនានា ខណៈអត្រារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ តាមទីផ្សារមួយចំនួន ក្នុងសហគមន៍បានរកឃើញជាបន្តបន្ទាប់ ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បី ការពារការចម្លងវីរុសកូវីដ១៩ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យករណីឆ្លងជំងឺកូវីដ១៩ បានបន្តធ្លាក់ចុះជាបន្តបន្ទាប់គួរជាទីមោទនៈក្នុងអំឡុងខែសីហា ដល់ដើមខែកញ្ញា ។
សេចក្តីណែនាំបន្តថា ដោយឡែកនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ១៩ មានការកើនឡើងបន្តិចនៅតាមបណ្ដាខេត្តមួយចំនួន ដែលក្នុងនោះក្រសួងសុខាភិបាលបានរកឃើញថា ករណីផ្ទុះភាគច្រើនផ្ទុះនៅតាមផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្ដាខេត្ត ក្រុង ភូមិ ទីប្រជុំជននានាជាដើម ដែលប្រជាពលរដ្ឋបានទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ និងជួបជុំគ្នាបរិភោគអាហារជាដើម ។
ប្រភពបានបន្ថែមថា អាស្រ័យហេតុនេះ ដើម្បីធានារឲ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានអារម្មណ៍ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុង លើវ៉ាក់សាំងដែលបានទទួលនោះទេ គឺតាមរយៈអង្គការសុខភាពពិភលោក ដែលបានចុះផ្សាយ វ៉ាក់សាំងមានប្រសិទ្ធភាព ការពារមិនឲ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ ដោយសារជំងឺកូវីដ១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសចំពោះអ្នកចាក់វ៉ាក់សាំងរួច គឺអាចឆ្លងបាន ប្រសិនបើមិនការអនុវត្តវវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។
ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយបុគ្គល គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងចាត់វិធានរដ្ឋបាលសមស្របចាំបាច់ ៕
