បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម ទ្រូស សូសល (Truth Social) កាលពីល្ងាចថ្ងៃចន្ទ (១៩ សីហា) ថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នឹងមិនធ្វើការជជែកដេញដោលលើទូរទស្សន៍ ហ្វកញូវស៍ (Fox News) ដែលកំពុងស្ថិតក្នុងការពិចារណា នៅថ្ងៃទី០៤ ខែកញ្ញា ខាងមុខនេះទេ។

នៅក្នុងការបង្ហោះរបស់ខ្លួន លោក Trump បាននិយាយថា លោកមិនភ្ញាក់ផ្អើលចំពោះការមដិសេធនេះទេ ព្រោះលោកមានអារម្មណ៍ថាលោកស្រី Harris ដឹងថាវាជារឿងលំបាកខ្លាំងណាស់ក្នុងការការពារកំណត់ត្រាការងារមិនល្អរបស់ខ្លួន។ លោក Trump បាននិយាយថាលោកបានយល់ព្រមធ្វើកិច្ចពិភាក្សាមួយនៅលើទូរទស្សន៍ Fox News ក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ជំនួសវិញ។
លោក Trump និងលោកស្រី Harris ត្រូវបានគ្រោងថានឹងជជែកដេញដោលនៅលើទូរទស្សន៍ ABC News នៅថ្ងៃទី១០ ខែកញ្ញា។ លោក Trump ចង់បានការជជែកតស៊ូមតិបន្ថែមនៅថ្ងៃទី០៤ ខែកញ្ញា និងថ្ងៃទី២៥ ខែកញ្ញា ដែលនឹងចាក់ផ្សាយនៅលើទូរទស្សន៍ Fox និងទូរទស្សន៍ NBC។
លោកស្រី Harris បាននិយាយថាខ្លួនបើកចំហចំពោះការពិភាក្សាដេញដោលបន្ថែមទៀត ប៉ុន្តែមន្ត្រីយុទ្ធនាការបាននិយាយថា កិច្ចពិភាក្សាលើការជជែកដេញដោលបន្ថែមនាពេលបន្ទាប់គឺអាស្រ័យលើការចូលរួមរបស់លោក Trump ក្នុងថ្ងៃទី១០ ខែកញ្ញា នៅលើទូរទស្សន៍ ABC៕