ប្រទេសលីបង់ បានប្តឹងតវ៉ាទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទាក់ទងនឹងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល ដែលបានបំបែករបាំងសំឡេងទៅលើទឹកដីប្រទេសលីបង់ រួមទាំងរដ្ឋធានី Beirut។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ផ្លូវការ បានរាយការណ៍ថា បេសកកម្មលីបង់នៅទីក្រុងញូវយ៉ក បានប្តឹងតវ៉ាទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយថ្កោលទោសសកម្មភាពទាំងនេះ ថាជា «ការរំលោភលើអធិបតេយ្យភាព និងលម្ហអាកាសរបស់ប្រទេសលីបង់ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ លេខ១៧០១។

សេចក្តីសម្រេចលេខ១៧០១ ចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងខែសីហា ឆ្នាំ ២០០៦ អំពាវនាវឱ្យបញ្ឈប់អរិភាព រវាងក្រុមហេសបូឡា និងកងទ័ពអ៊ីស្រាអែល ដកកងកម្លាំងអ៊ីស្រាអែល ចេញពីភាគខាងត្បូងប្រទេសលីបង់ និងការបង្កើតតំបន់គ្មានយោធា។
យោងតាមទីភ្នាក់ងារព័ត៌មាន NNA បានឲ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទបានបំបែករបាំងសំឡេងនៅក្នុងរលកចំនួនពីរ លើទីក្រុង Beirut និងជាយក្រុងនៅតំបន់ Keserwan និង តំបន់ Chouf នៅភ្នំលីបង់ ព្រមទាំងតំបន់ Sidon និងតំបន់ Jezzine ប្រទេសលីបង់ភាគខាងត្បូង។
ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការបាញ់រាំងគ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុមប្រដាប់អាវុធលីបង់ហេសបូឡា ចូលទៅអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល។ ក្រោយមក អ៊ីស្រាអែល បានសងសឹកវិញ ដោយការបាញ់កាំភ្លើងធំចូលទៅកាន់ភាគអាគ្នេយ៍ប្រទេសលីបង់។
យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ចាប់តាំងពីការផ្ទុះឡើងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ២០២៣ អ៊ីស្រាអែល ជារឿយៗបញ្ជូនយន្តហោះចម្បាំង ទៅបំបែករបាំងសំឡេងនៅលើលម្ហអាកាសប្រទេសលីបង់ បណ្តាលឱ្យមានសំឡេងរំខានខ្លាំងៗស្រដៀងទៅនឹងគ្រាប់ផ្ទុះ។