ប្រភពយោធាលីបង់ បាននិយាយថា សមាជិកម្នាក់នៃក្រុមប្រដាប់អាវុធលីបង់ហេសបូឡា ត្រូវបានសម្លាប់ និង មនុស្ស១១នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីបង់។

ប្រភពដែលនិយាយដោយអនាមិក បានអះអាងថា យានដ្រូនរបស់អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសទៅលើរថយន្តដែលធ្វើដំណើរលើផ្លូវ Deir Qanoun En Nahr/Ras al-Ain ក្បែរទីក្រុងថៃអឺ (Tire) ភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់សមាជិកម្នាក់របស់នៃក្រុមហេសបូឡា។

យោធាអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ខ្លួន បានវាយប្រហារទៅលើ លោក Hussein Ali Hussein ដែលកំណត់ដោយយោធាអ៊ីស្រាអែលថា ជាជាសកម្មប្រយុទ្ធនៅក្នុងទីក្រុង Deir Qanoun ។
លោក Hussein គឺជាសមាជិកដ៏សំខាន់នៃអង្គភាពរ៉ុក្កែត និងមីស៊ីលរបស់ក្រុមហេសបូឡា នៅក្នុងតំបន់ Yarine ភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមយោធាអ៊ីស្រាអែល។
ប្រភពពីប្រទេសលីបង់ បាននិយាយថា៖«នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ យន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសទៅលើផ្ទះមួយខ្នង នៅកណ្តាលភូមិ Taybeh ដោយបានធ្វើឲ្យប្រជាពលរដ្ឋចំនួន ៥នាក់រងរបួស ក្នុងចំណោមនោះ មាន ៣នាក់ រងរបួសធ្ងន់ធ្ងរ។ អ្នករងរបួស ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាលTebnine នៅភាគខាងត្បូងប្រទេសលីបង់»។