ទូរទស្សន៍ Al-Qahera News របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយបានដកស្រង់សម្តីប្រភពសន្តិសុខជាន់ខ្ពស់ថា អេហ្ស៊ីប បានទាមទារជាថ្មីនូវការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីច្រកឆ្លងកាត់រ៉ាហ្វា ( Rafah) និងច្រករបៀង Philadelphia តាមបណ្តោយព្រំដែនអេហ្ស៊ីប-ហ្គាហ្សា។

ប្រទេសអេហ្ស៊ីប បានបន្តសំណើនេះ ខណៈពេលដែលបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលនិយាយថា អេហ្ស៊ីប បានយល់ព្រមអនុញ្ញាតឲ្យអ៊ីស្រាអែលរក្សាកងកម្លាំងរបស់ខ្លួន នៅក្នុងច្រករបៀង Philadelphi។ នេះបើយោងតាមរបាយការណ៍។

អេហ្ស៊ីប រួមជាមួយនឹងប្រទេសកាតា និងសហរដ្ឋអាមេរិក កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដើម្បីឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរអ្នកទោសចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាមួយនឹងគោលដៅនៃការសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្កាហ្សា។
នៅក្នុងជុំចុងក្រោយនៃកិច្ចចរចាបទឈប់បាញ់ដែលបានធ្វើឡើងនៅទីក្រុងគែរ កាលពីថ្ងៃចន្ទ ការទាមទាររបស់អ៊ីស្រាអែលដើម្បីរក្សាការគ្រប់គ្រងលើច្រករបៀង Philadelphia នៅតែជាចំណុចសំខាន់នៃជម្លោះនេះ។