ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ហាក់ដូចជាកំពុងផ្លាស់ប្តូរការទទួលខុសត្រូវចំពោះការខូចខាតទឹកជំនន់ចុងក្រោយ ទៅឲ្យមន្ត្រីខេត្ត ដោយសារក្តីបារម្ភថា ការដឹកនាំរបស់លោក អាចនឹងត្រូវបំផ្លាញ ស្របពេលមានការមិនសប្បាយចិត្ត ជាសាធារណៈ កាន់តែកើនឡើង។
កាសែត Rodong Sinmun ដែលជាសារព័ត៌មានសំខាន់របស់កូរ៉េខាងជើង បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យប្រទេសនេះ ចាត់ទុកគម្រោងការពារគ្រោះមហន្តរាយថា ជាបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងមនោគមន៍វិជ្ជានយោបាយ មិនមែនគ្រាន់តែជាការតស៊ូប្រឆាំងនឹងធម្មជាតិនោះទេ។
កាលពីចុងខែមុន ភ្លៀងធ្លាក់ខ្លាំង បានជន់លិចតំបន់ធំៗនៅតាមដងទន្លេ Amnok ក្នុងខេត្ត North Phyongan, Jagang និង Ryanggang ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយចំនួន បានរាយការណ៍ថា ចំនួនអ្នកស្លាប់ ឬបាត់ខ្លួន អាចលើសពី ១.០០០នាក់។
ក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បាននិយាយថា កូរ៉េខាងជើង ហាក់ដូចជាកំពុងផ្លាស់ប្តូរការទទួលខុសត្រូវចំពោះការខូចខាតដោយទឹកជំនន់ ទៅឲ្យមន្ត្រីពាក់ព័ន្ធជុំវិញការព្រួយបារម្ភថា ភ្លៀងធ្លាក់ខ្លាំងចុងក្រោយនេះ អាចប៉ះពាល់ដល់ការដឹកនាំរបស់លោក គីម ជុងអ៊ុន។