សារព័ត៌មាន Wall Street Journal បានរាយការណ៍ ដោយបានដកស្រង់ប្រភពជាច្រើនថា ជនជាតិអ៊ុយក្រែនម្នាក់ ដែលអាជ្ញាធរអាល្លឺម៉ង់ សង្ស័យថា បានបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream និង Nord Stream-2 បានចាកចេញពីប្រទេសប៉ូឡូញតាមជិះរថយន្តកាលពីថ្ងៃទី ៦ ខែកក្កដា ហើយធ្វើដំណើរទៅប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាននេះ អាជ្ញាធរអាល្លឺម៉ង់ មាន «ការភ្ញាក់ផ្អើល» នៅពេលដែលរដ្ឋអាជ្ញាប៉ូឡូញ បានប្រាប់ពួកគេថា ពួកគេ មិនអាចចាប់ខ្លួនជនសង្ស័យបានទេ ដោយសារតែសេវាសន្តិសុខរបស់ពួកគេ មិនទាន់ បានពិនិត្យមើលករណីនេះ។ មន្ត្រីជាន់ខ្ពស់ប៉ូឡូញ ក៏បានប្រាប់សមភាគីអាល្លឺម៉ង់ជាលក្ខណៈឯកជនថា ជនសង្ស័យដែលបានបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នទាំងនេះ គួរតែទទួលបានមេដាយ ជាជាងត្រូវចាប់ខ្លួន។
សារព័ត៌មានដដែល បានចង្អុលបង្ហាញថា ក្រោយមក ប្រទេសប៉ូឡូញ បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋអាជ្ញាអាល្លឺម៉ង់ ដោយជូនដំណឹងដល់ពួកគេថា ជនសង្ស័យ បានចាកចេញពីប្រទេសនេះ។ អាជ្ញាធរអាល្លឺម៉ង់ បានចាត់ទុកចំណាត់ការនេះរបស់ប៉ូឡូញថា ជា«ការធ្វើឲ្យស្ថានការណ៍ដែលអាក្រក់ស្រាប់ហើយនោះ កាន់តែអាក្រក់ថែមទៀត»។