នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងតូក្យូ បាននិយាយថា មនុស្ស៥៣នាក់ នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុនដែលសង្ស័យថាទទួលរងជំងឺសុរិយៈរោគ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីម៉ោង៣រសៀល ថ្ងៃចន្ទ។
នាយកដ្ឋានពន្លត់អគ្គិភ័យនិយាយថា អ្នកទទួលរងជំងឺសុរិយៈរោគមានអាយុ ចាប់ពី១៣ឆ្នាំ ដល់៩៣ឆ្នាំ ដោយស្ត្រីម្នាក់ស្ថិតក្នុងវ័យ៨០ឆ្នាំ មានសភាពធ្ងន់ធ្ងរ។
នាយកដ្ឋានពន្លត់អគ្គិភ័យ បានជំរុញឱ្យប្រជាជន មានការប្រុងប្រយ័ត្នជាមុនឱ្យបានហ្មត់ចត់ ក្នុងពេលមានអាកាសធាតុក្តៅ ដូចជាត្រូវទទួលទានទឹកឲ្យបានញឹកញាប់ និងស្នាក់នៅក្នុងលំនៅឋានដោយប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងបញ្ចៀសការនៅក្រោមកម្តៅថ្ងៃដោយផ្ទាល់រយៈពេលយូរ។ រលកកម្តៅត្រូវបានគេរំពឹងថា នឹងបន្តក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខទៀត ដោយជំរុញឲ្យអាជ្ញាធរ ចេញការព្រមាន និងជំរុញទឹកចិត្តដល់ប្រជាជនគិតពីសុខភាព និងសុវត្ថិភាពរបស់ពួកគេ។