ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃចន្ទ បានរិះគន់រដ្ឋលោកខាងលិចមួយចំនួនចំពោះការគាំទ្រប្រព័ន្ធផ្សព្វផ្សាយ និងអាវុធរបស់ពួកគេសម្រាប់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជននៅតំបន់ហ្កាហ្សា។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាការវិវឌ្ឍដែលកំពុងបន្តនៅក្នុងតំបន់ ជាពិសេសការចរចាស្តីពីការសម្រេចបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈពេលដែលបានរិះគន់គោលនយោបាយរបស់រដ្ឋលោកខាងលិចមួយចំនួនចំពោះប្រជាជនហ្កាហ្សា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតី អ៊ីរ៉ង់។
ប្រធានាធិបតីអ៊ីរ៉ង់ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយ និងជំនួយសព្វាវុធរបស់ប្រទេសលោកខាងលិចទាំងនោះសម្រាប់អ៊ីស្រាអែល គឺផ្ទុយនឹងការអះអាងរបស់ពួកគេក្នុងការការពារសិទ្ធិមនុស្ស និងការខិតខំប្រឹងប្រែង ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលនឹងនាំទៅដល់ការបន្តនៃឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនហ្កាហ្សាដែលត្រូវគេសង្កត់សង្កិន និងគ្មានការការ ពារ។
ពួកគេ ក៏បានលើកឡើងពីតម្រូវការសម្រាប់ការរួបរួមកាន់តែខ្លាំងឡើង និងវិធានការសម្របសម្រួលដោយ បណ្តារដ្ឋមូស្លីម ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដោយសង្កត់ធ្ងន់ថា ការរៀបចំកិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការឥស្លាម នឹងជាចំណាត់ការដ៏មានប្រសិទ្ធភាព ដើម្បីបញ្ចប់បញ្ហាទាំងនោះ។