ភ្នំពេញ ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងបើកដំណើរឡើងវិញ នៅថ្ងៃទី១៥ កញ្ញានេះ ប៉ុន្តែមិនមែនមានន័យថា ជាការបើកគ្រប់សាលា ឬ គ្រប់កម្រិតនោះទេ។
ក្នុងឱកាសដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមសាលានានាក្នុងរាជធានី នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រៀមបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយអនុសាសន៍នេះ ត្រូវបានប្រជាពលរដ្ឋ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួមនិងគាំទ្រយ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខាននៃការរៀនសូត្រប្រមាណ៧ខែមកនេះ ដោយការរាតត្បាតនៃជម្ងឺកូវីដ-១៩ ។
ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ថ្ងៃទី១៥កញ្ញា គឺជាថ្ងៃកំណត់ដែលសាលាត្រូវបើកឲ្យដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្ត ឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា មិនថាសាលាតូច ធំ រដ្ឋ ឬឯកជនយ៉ាងណានោះទេ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវចូលរួមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺ-១៩ ខណៈបើកសាលារៀនឡើងវិញនេះ បើយើងធ្វេសប្រហែសតែបន្តិច គ្រោះថ្នាក់នៃជម្ងឺកូវីដ-១៩ នឹងធ្លាក់មកលើពួកយើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវតែរួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យបានរីកចម្រើនលឿនឡើងវិញ។
គួរបញ្ជាក់ថា យុទ្ធនាការនៃការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាសាលានានា ក្នុងរាជធានីភ្នំពេញនេះ គឺធ្វើឡើងនៅតាមសាលារដ្ឋចំនួន៦៨ ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា