ប្រទេសចិន នឹងបង្កើនមូលនិធិសន្តិសុខសង្គមចំនួន ២,៨៨សែនកោដិយ័ន (៤០៦ពាន់លានដុល្លារ) ដែលធ្វើឲ្យការផ្ដល់នេះ «កាន់តែធំ និងរឹងមាំ» ដើម្បីជួយទ្រទ្រង់ប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស ខណៈដែលចំនួនកំណើតថ្មី និងកម្លាំងការងារវ័យក្មេង ដើម្បីគាំទ្រមនុស្សចាស់ ធ្លាក់ចុះ។
កាលពីថ្ងៃចន្ទ (ទី១៩ ខែសីហា) លេខាធិការគណបក្សរបស់មូលនិធិនេះ លោក Ding Xuedong បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានធ្វើឡើងនៅក្នុងសារព័ត៌មានរបស់បក្សកុម្មុយនីស្ត The Study Times ថា មូលនិធិសន្តិសុខសង្គមជាតិ នឹង «ឆ្លើយតប» ប្រកបដោយប្រសិទ្ធភាព ចំពោះចំនួនប្រជាជនដែលមានវ័យចំណាស់ និង «កែលម្អយន្តការគោលនយោបាយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មថែទាំមនុស្សចាស់»។
ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ប្រជាជនចិនប្រហែល ៣០០លាននាក់ នឹងចូលនិវត្តន៍ ដែលស្ទើរតែស្មើនឹងចំនួនប្រជាជនសហរដ្ឋអាមេរិកទាំងមូល។ ក្រុមហ៊ុនស្រាវជ្រាវ Euromonitor ប៉ាន់ប្រមាណថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ២នាក់ ដែលមានអាយុលើសពី ៦៥ឆ្នាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងរស់នៅក្នុងប្រទេសចិន នៅឆ្នាំ២០៤០។
លោក Ding បាននិយាយថា មូលនិធិដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០០ គឺជា «មូលនិធិបម្រុងជាយុទ្ធសាស្ត្រ សម្រាប់តម្រូវការសន្តិសុខសង្គម ក្នុងអំឡុងពេលដែលប្រជាជនមានវ័យចំណាស់ កើនឡើងខ្ពស់ និងការរីចកម្រើននៃប្រព័ន្ធសន្តិសុខសង្គមរបស់ប្រទេស» ។
លោក Ding បានបន្តថា ប្រទេសចិនបានឈានចូលដំណាក់កាលនៃប្រជាជនមានវ័យចំណាស់ម្រិតមធ្យមរួចហើយ ដោយបន្ថែមថា ប្រជាជនមានវ័យចំណាស់កាន់តែច្រើន នៅក្នុងទសវត្សរ៍ខាងមុខនេះ មានន័យថា «ភាពបន្ទាន់ និងការលំបាកក្នុងការពង្រីក និងពង្រឹងមូលនិធិបម្រុងយុទ្ធសាស្ត្រ គឺមិនធ្លាប់មានពីមុនមកទេ»។
ជាមួយគ្នានេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រចិនគ្រប់គ្រងដោយរដ្ឋ មើលឃើញថា ប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសចិន នឹងអស់ប្រាក់ នៅឆ្នាំ២០៣៥៕