នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអង្គារ (ទី២០ ខែសីហា) នេះ បាននិយាយថា អូស្ត្រាលី និងឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិកម្រិតសន្ធិសញ្ញា ដែលអនុញ្ញាតឲ្យយោធាអូស្ត្រាលី និងឥណ្ឌូនេស៊ី ធ្វើប្រតិបត្តិការពីប្រទេសរវាងគ្នាទៅវិញទៅមក។
លោក Albanese បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុង Canberra ជាមួយប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto ថា កិច្ចព្រមព្រៀងនេះនឹងក្លាយជា «ផែនការដ៏សំខាន់សម្រាប់ប្រទេសរបស់យើងទាំង២ ដើម្បីគាំទ្រដល់សន្តិសុខរវាងគ្នាទៅវិញទៅមក ដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំង២ ប៉ុន្តែក៏សម្រាប់ស្ថិរភាពនៃតំបន់ដែលយើងមានរួមគ្នាផងដែរ»។
អូស្ត្រាលី និងឥណ្ឌូនេស៊ី មានព្រំប្រទល់ដែនសមុទ្រវែងជាងគេលើពិភពលោក ហើយបានសហការគ្នារួចហើយលើបញ្ហាមួយចំនួន ក្នុងនោះរួមទាំងសន្តិសុខ ការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀនផងដែរ។
ប្រទេសអូស្ត្រាលីបានឈានដល់កិច្ចព្រមព្រៀងការពារជាតិជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសបំផុត គឺសម្ព័ន្ធមិត្តយោធា AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលសន្ធិសញ្ញានេះបានធ្វើឲ្យចិនខឹងសម្បា៕