ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនបានសន្យាផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ៣លានដូសបន្ថែមទៀតដល់កម្ពុជា សម្រាប់ចាក់ដូសទី៣ ឬដូសជំរុញដល់ប្រជាពលរដ្ឋកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឱ្យដឹងបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ក្រោយពីជំនួបរវាងសម្ដេច និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាពនៅព្រឹកថ្ងៃនេះ។
ទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ចិនបានសម្រេចផ្ដល់ជំនួយវ៉ាក់សាំងប្រមាណ ៣លានដូសថែមទៀតដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ»។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា កម្ពុជាមានវ៉ាក់សាំងរហូតដល់ ៩លានដូសហើយសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះវ៉ាក់សាំង ២លានដូសសម្រាប់ចាក់ដូសទី៣ ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជារួចរាល់ហើយ ហើយវ៉ាក់សាំងចំនួន ៣លានដូសទៀត គ្រោងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។
បើតាមទំព័រហ្វេសប៊ុករបស់សម្ដេច កម្ពុជាត្រូវការវ៉ាក់សាំងចំនួន ១២លានដូសសម្រាប់យុទ្ធនាការចាក់ដូសទី៣ ឬដូសជំរុញដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយក្នុងនោះ កម្ពុជាត្រូវការ ៣លានដូសបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ២៦.៨លានដូសរួចមកហើយពីប្រទេសចិន។
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈដើមឆ្នាំនេះ ហើយគិតមកដល់ថ្ងៃនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់ទៅជាង ១១លាន ៤៤ម៉ឺននាក់រួចមកហើយ ឬស្មើនឹង ៩៧.៣៨ភាគរយ បើធៀបនឹងគោលដៅរបស់រាជរដ្ឋាភិបាល៕



