រដ្ឋាភិបាលអ៊ុយក្រែន នៅថ្ងៃអង្គារ (ទី២០ ខែសីហា) បានឲ្យដឹងថា ខ្លួនបានអនុម័តសេចក្តីលម្អិតចុងក្រោយលើប្រព័ន្ធថ្មី ពាក់ព័ន្ធនឹងតម្លៃនាំចេញទាបបំផុត សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗ និងគ្រាប់ពូជប្រេងរបស់ប្រទេស ជាគ្រោងការដែលឈ្មួញគ្រាប់ធញ្ញជាតិនិយាយថា អាចរំខានដល់ការនាំចេញ និងពាណិជ្ជកម្មរបស់ពួកគេ។
រដ្ឋាភិបាលបានដាក់ចេញនូវផែនការនេះ ដើម្បីដោះស្រាយការបង្ខូចតម្លៃ ទាក់ទងនឹងសង្រ្គាមជាមួយរុស្ស៊ី ដែលបានមើលឃើញការកើនឡើងនូវការទិញជាសាច់ប្រាក់ក្នុងស្រុក ចំពោះផលិតផលកសិកម្មមួយចំនួន និងការនាំចេញជាបន្តបន្ទាប់របស់ពួកគេ ក្នុងតម្លៃទាបខុសពីធម្មតា ដើម្បីគេចពីការបង់ពន្ធ។
ឥឡូវនេះ គណៈរដ្ឋមន្ត្រីបានអនុម័តនីតិវិធី ដើម្បីកំណត់តម្លៃអប្បបរមា ដោយបើកផ្លូវឲ្យប្រព័ន្ធថ្មីនោះ ត្រូវបានអនុវត្ត។ មន្ត្រីអ៊ុយក្រែនបាននិយាយថា គម្រោងថ្មីនេះអាចនឹងចាប់ផ្តើមនៅក្នុងខែសីហា ប៉ុន្តែគេមិនទាន់ច្បាស់ទេថា នៅពេលណាច្បាប់ថ្មី នឹងចូលជាធរមាន។
គួរបញ្ជាក់ថា យន្តការតម្លៃនាំចេញថ្មីនេះ នឹងអនុវត្តលើការដឹកជញ្ជូនស្រូវសាលី ពោត ប្រេងផ្កាឈូករ័ត្ន សណ្តែកសៀង គ្រាប់ពូជរុក្ខជាតិផលិតប្រេង និងទំនិញកសិកម្មមួយចំនួនទៀត ដែលនៅតែជាប្រភពចំណូលពីខាងក្រៅដ៏ធំបំផុតរបស់អ៊ុយក្រែន។
ដើម្បីឲ្យស្របតាមច្បាប់ថ្មីនេះ តម្លៃនាំចេញអប្បបរមាដែលអាចអនុញ្ញាតឲ្យបាន នឹងត្រូវបានគណនាដោយផ្អែកលើទិន្នន័យសេវាគយរបស់រដ្ឋ ដោយគិតដល់លក្ខខណ្ឌនៃការដឹកជញ្ជូន សម្រាប់ខែមុន និងប្រើប្រាស់ការបញ្ចុះតម្លៃ ១០ភាគរយ៕