ស្ត្រីវ័យចំណាស់ជាងគេបំផុតលើពិភពលោក គឺលោកយាយ Maria Branyas Morera ដែលជាជនជាតិអេស្ប៉ាញកើតនៅសហរដ្ឋអាមេរិក និងធ្លាប់ឆ្លងកាត់សង្គ្រាមលោកលើកទី២ បានទទួលមរណភាពហើយ ក្នុងអាយុ ១១៧ឆ្នាំ។ នេះបើតាមការឲ្យដឹងពីក្រុមគ្រួសាររបស់លោកយាយ នាថ្ងៃអង្គារ (ទី២០ ខែសីហា) នេះ។
គ្រួសាររបស់គាត់ បានសរសេរនៅលើគណនីបណ្ដាញសង្គម X ថា៖ «លោកយាយ Maria Branyas បានចាកចេញពីពួកយើងហើយ។ គាត់បានលាចាកលោកតាមបំណងប្រាថ្នារបស់គាត់ ដោយសម្រាន្តលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ហើយចាកចេញដោយស្ងប់ និងគ្មានការឈឺចាប់អ្វីឡើយ»។ ពួកគេបានបន្ថែមថា៖ «ពួកយើងនឹងចងចាំជានិច្ចនូវដំបូន្មាន និងសន្តានចិត្តដ៏ល្អប្រពៃរបស់គាត់»។
គួរបញ្ជាក់ថា លោកយាយ Madam Branyas ដែលបានរស់នៅរយៈពេល ២ទសវត្សរ៍ចុងក្រោយ នៅតែក្នុងមជ្ឈមណ្ឌលថែទាំសុខភាព Santa Maria del Tura នៅទីក្រុង Olot ភាគឦសាននៃប្រទេសអេស្ប៉ាញ បានផ្ដល់ដំណឹងតាមរយៈការបង្ហោះកាលពីព្រឹកថ្ងៃនោះថា គាត់មានអារម្មណ៍ថា «មិនមានកម្លាំងក្នុងខ្លួនសោះ»។
លោកយាយ Madam Branyas កើតនៅសាន់ហ្វ្រាន់ស៊ីស្កូ នាថ្ងៃទី៤ ខែមីនា ឆ្នាំ១៩០៧។ គ្រួសាររបស់លោកយាយបានត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ គឺអេស្ប៉ាញ នៅឆ្នាំ១៩១៥ ខណៈដែលសង្រ្គាមលោកលើកទី១ កំពុងប្រព្រឹត្តទៅ។
នៅឆ្នាំ១៩៣១ លោកយាយបានរៀបការជាមួយវេជ្ជបណ្ឌិត ហើយប្តីប្រពន្ធគូនេះ បានរស់នៅជាមួយគ្នាអស់រយៈពេល ៤ទស្សវត្សរ៍ រហូតដល់ស្វាមីរបស់លោកយាយ ស្លាប់នៅវ័យ ៧២ឆ្នាំ។ ហើយបើយោងតាមរបាយការណ៍របស់សារព័ត៌មាន AFP ក្នុងខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា លោកយាយមានកូន ៣នាក់ ចៅ ១១នាក់ និងចៅទួត ១១នាក់៕