តុលាការកំពូលរបស់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ (ទី២០ ខែសីហា) នេះ បានបញ្ជាឲ្យបង្កើតក្រុមគ្រូពេទ្យជាតិពិសេស ដើម្បីធ្វើការណែនាំអំពីសុវត្ថិភាព នៅកន្លែងធ្វើការ ដោយការសម្រេចនេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកគ្រូពេទ្យហាត់ការម្នាក់ ត្រូវបានរំលោភ និងសម្លាប់ នៅកន្លែងធ្វើការរបស់ខ្លួន។
ប្រមុខតុលាការកំពូលរបស់ប្រទេសឥណ្ឌា គឺលោក D.Y. Chandrachud បានប្រាប់ថា ការការពារ និងសន្តិសុខរបស់ពួកគេ គឺជាកង្វល់ដ៏ធំបំផុតរបស់ជាតិ ខណៈដែលលោកបានអំពាវនាវដល់គ្រូពេទ្យដែលធ្វើកូដកម្មឲ្យវិលត្រឡប់ទៅធ្វើការវិញ។
ជាមួយគ្នានេះ តុលាការក៏បានស្នើសុំឲ្យនគរបាលសហព័ន្ធបញ្ជូនរបាយការណ៍ នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) អំពីស្ថានភាពនៃការស៊ើបអង្កេតរបស់ខ្លួន ជុំវិញការសម្លាប់ កាលពីថ្ងៃទី៩ ខែសីហា លើគ្រូពេទ្យហាត់ការ នៅឯមន្ទីរពេទ្យរដ្ឋមួយ នៅភាគខាងកើតនៃទីក្រុង Kolkata។
គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យនៅផ្នែកជាច្រើននៃប្រទេសឥណ្ឌា បាននាំគ្នាតវ៉ា និងបដិសេធមិនទទួលព្យាបាលអ្នកជំងឺ ដែលមិនត្រូវសង្គ្រោះបន្ទាន់ បន្ទាប់ពីមានកើតហេតុការណ៍ដ៏ឃោរឃៅនោះ។ ពួកគេកំពុងទាមទារឲ្យមានកន្លែងធ្វើការសុវត្ថិភាពជាងមុន និងការស៊ើបអង្កេតឧក្រិដ្ឋកម្មឲ្យបានឆាប់រហ័ស៕