ក្រុមគ្រួសារអ្នកនៅរស់រានមានជីវិតពីការលិចនាវាកម្សាន្តដ៏ប្រណីតមួយគ្រឿងឈ្មោះ «Bayesian» នៅកោះ Sicily បានចាកចេញពីមន្ទីរពេទ្យកុមារ «Di Cristina» នៅថ្ងៃអង្គារ (ទី២០ សីហា) នេះ ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅតែកំពុងដំណើរការទៅ ដើម្បីស្វែងរកមនុស្សបាត់ខ្លួនចំនួន ៦នាក់។
ដោយមានបាំងក្បាលដោយអាវធំ ក្នុងគោលបំណងគេចពីការចាប់អារម្មណ៍របស់សារព័ត៌មាន ដើម្បីគោរពភាពឯកជនរបស់ពួកគេ លោក James Emsilie បានចាកចេញពីមន្ទីរពេទ្យ នៅទីក្រុង Palermo ដោយមានបីកូនឈ្មោះ Sophie អាយុ ១ខួប ហើយដើរពីក្រោយដោយប្រពន្ធរបស់លោក គឺលោកស្រី Charlotte Golunski។
បើយោងតាមវេជ្ជបណ្ឌិត លោក Domenico Cipolla នាយកទទួលបន្ទុកផ្នែកកុមារ និងវេជ្ជសាស្ត្រ និងវះកាត់ នៅមន្ទីរពេទ្យ ក្នុងទីក្រុង Palermo បានឲ្យដឹងថា លោកស្រី Golunski និងលោក Emslie ត្រូវបានព្យាបាលរបួសស្រាល ខណៈដែលក្មេងស្រីតូច ត្រូវបានរាយការណ៍ថា មិនមានរបួសទេ។
គួរបញ្ជាក់ថា មន្ត្រីអ៊ីតាលី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់ ស្លាប់ និង ៦នាក់ផ្សេងទៀត បានបាត់ខ្លួន កាលពីថ្ងៃចន្ទ (ទី១៩ ខែសីហា) បន្ទាប់ពីនាវាកម្សាន្ត ដែលដឹកមនុស្ស ២២នាក់ បានលិច អំឡុងពេលមានព្យុះដ៏ខ្លាំងក្លា នៅឯឆ្នេរសមុទ្ររបស់កោះ Sicily៕