រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការទាំងអស់បាន បន្តនាំគ្នាដូរប្រូហ្វាល់ហ្វេសបុក និងចេញវិដេអូឃ្លីបយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងធ្វើឲ្យខេត្តនៅតំបន់ភូមិភាគឦសាន របស់កម្ពុជាប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំជនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។

សន្ទុះនៃការប្តូរប្រូហ្វាល់ហ្វេសបុក តាមតេលេក្រាម និងវិដេអូឃ្លីបពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រាប់អាវុធ មន្រ្តីរាជការ គំាទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម យ៉ាងផុលផុសនេះប្រៀបបានដូចជាការបំបាក់មុខជនក្បត់ជាតិបីជំនាន់ និងបក្សពួកឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច ដែលកំពុងរត់ចោលស្រុក ហើយបានឆ្កឹះឆ្កៀល អុចអាលឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកធ្វើការប្រឆាំងរាជរដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការនេះយ៉ាងដូច្នេះដែរ។

តាមរយៈហ្វ្រែមប្រូហ្វាល ដែលបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការដែលបានដូរហើយបានបង្ហោះលើបណ្តាញហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា«ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។ ដោយឡែកវិដេអូឃ្លីបដែលបងប្អូនប្រជាពលរដ្ឋមន្រ្តីរាជការដែលបានចេញដាច់ដោយឡែកពីគ្នានោះ ពួកគេបាន ស្រែកប្រកាសថា គាំទ្រជានិច្ចនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA។
សូមបញ្ជាក់ថា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTAនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ ផ្ទុយទៅវិញបានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ចសង្គម និងសន្តិសុខជាតិជាដើម។
តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នាជាដើម៕ អត្ថបទ បាន ចក់